(ប៉េកាំង)៖ តាមប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters គឺ ចិនបានបង្គាប់ឱ្យបង្ហូតទង់ជាតិមកនៅត្រឹមពាក់កណ្ដាល នៅឯទីលាន Tiananmen ស្ថិតនៅចំកណ្ដាលបេះដូងនៃរដ្ឋធានីប៉េកាំង នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកានេះជាពេលដែលសព របស់អតីតនាយករដ្ឋមន្ត្រីចិន លោក Li Keqiang នឹងត្រូវបានបូជាតាមប្រពៃណីចិន។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV នៅក្នុងសេចក្ដីរាយការណ៍មួយអមជាមួយរូបភាពមួយសន្លឹកនៃ ទង់ជាតិបង្ហូតពាក់កណ្ដាល បានគូសបញ្ជាក់ដូច្នេះ ថា «ជាការចងចាំដល់សមមិត្ត Li Keqiang ទង់ជាតិនឹងត្រូវបង្ហូតត្រឹមពាក់កណ្ដាលនៅឯទីលាន Tiananmen នៃរដ្ឋធានី (ប៉េកាំង)»។
ព្រមពេលជាមួយគ្នា ទីភ្នាក់ងារសារព័ត៌មានចិនស៊ីនហួ (Xinhua) ទង់ជាតិក៏នឹងត្រូវបានបង្ហូតពាក់ កណ្ដាលផងដែរនៅឯសាលវិមានប្រជាជនចិន ក្នុងទីក្រុងប៉េកាំង ក្រសួងការបរទេស រដ្ឋាភិបាល តំបន់ រួមទាំងបេសកកម្មការទូត។
គួរបញ្ជាក់ថា លោក Li Keqiang ជាអតីតសេដ្ឋវិទូ និងជាមេដឹកនាំគាំទ្រការធ្វើកំណែទម្រង់ម្នាក់ ដែលបានកាន់តំណែងជានាយករដ្ឋមន្ត្រីចិន អស់រយៈពេល ១០ឆ្នាំ មុននឹងចូលនិវត្តកាលពីខែមីនា កន្លងទៅនេះ បានទទួលមរណភាពដោយសារគាំងបេះដូង ក្នុងទីក្រុងសៀងហៃ កាលពី ថ្ងៃសុក្រ សប្ដាហ៍មុន ហើយសពរបស់លោកត្រូវនាំមកកាន់ទីក្រុងប៉េកាំង ក្នុងថ្ងៃដដែលនោះដែរ៕