ប្រទេសនៅអាមេរិកឡាទីន បង្កើនការថ្កោលទោស ចំពោះការវាយប្រហាររបស់អ៉ីស្រាអែល​លើតំបន់ហ្កាហ្សា


(ប៊ុយណូស៊ែ)៖ យោងតាម ការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃ ព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ចាក់ថា ប្រទេសធំៗមួយចំនួននៅអាមេរិកឡាទីន នៅថ្ងៃពុធសប្តាហ៍នេះ បានចេញមកថ្កោលទោសការវាយប្រហាររបស់អ៉ីស្រាអែលលើ ជំរំជនភៀស ខ្លួនមួយមានប្រជាជនច្រើនក្នុងតំបន់ហ្កាហ្សា ដែលជាសញ្ញានៃការបែកបាក់ផ្នែកការទូតរវាងតំបន់ និងប្រទេសនៅមជ្ឈិមបូព៌ា។

អាហ្សង់ទីន ដែលជាស្រុកកំណើតរបស់សហគមន៍ជ្វីហ្វដ៏ធំបំផុតនៅអាមេរិកឡាទីន ប៉េរូ និងម៉ិក ស៉ិក បានសម្តែងការសោកស្ដាយចំពោះការវាយប្រហារ របស់អ៉ីស្រាអែល ដែលមន្រ្តីតំបន់ហ្កាហ្សា នៅក្នុងទឹកដីគ្រប់គ្រងដោយក្រុមហាម៉ាសនិយាយថា បានសម្លាប់មនុស្សជិត ២០០នាក់។

ក្រសួងការបរទេសប៉េរូ បានបញ្ជាក់ថា «ប៉េរូសូមថ្កោលទោស ហើយនឹងបន្តថ្កោលទោស អំពើហឹង្សា ពីកន្លែងណាក៏ដោយ»។ រីឯក្រសួងការបរទេសអាហ្សង់ទីន ក៏បានទទូចដល់អ៉ីស្រាអែល អនុញ្ញាត ឲ្យមានការនាំយកជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្គាហ្សា។ មន្រ្តីទូតម៉ិកស៉ិក លោកស្រី Alicia Buenrostro បានលើកឡើងក្នុងសម័យប្រជុំបន្ទាន់របស់ UN ស្តីពីតំបន់ហ្កាហ្សាបានអំពាវនាវ ឲ្យមានជជែកគ្នា រកដំណោះស្រាយរដ្ឋពីរ៕