ក្រសួងបរិស្ថាន និងធនាគារអភិវឌ្ឍអាស៊ី ADB ពិភាក្សាលើការប្រើប្រាស់ថវិកាគម្រោងឱ្យមាន ប្រសិទ្ធិភាព និងតម្លាភាព


(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅព្រឹកថ្ងៃទី០១ វិច្ឆិកា ឆ្នាំ២០២៣នេះ បានអនុញ្ញាតឱ្យលោកស្រី ជូសាណា វាម៉ា (Jyotsana Varma) នាយកប្រចាំ ប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី ADB និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការ ងារស្តីពី ការប្រើប្រាស់ថវិកាគម្រោងឱ្យមានប្រសិទ្ធិភាព និងតម្លាភាព។

ជាមួយនឹងការថ្លែងឡើងយ៉ាងដូច្នេះដោយមានការគូសបញ្ជាក់ពីលោកស្រីនាយកប្រចាំប្រទេសនៃធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថា លោកស្រីចង់ដឹងអំពីផែនការអភិវឌ្ឍថ្នាក់ជាតិ រយៈពេល៥ឆ្នាំរបស់ ក្រសួងបរិស្ថាន ដើម្បីងាយស្រួលដល់ ADB រៀបចំគម្រោងថវិកាឱ្យបានសមស្រប និងឆ្លើយតប ចំពោះផែនការថ្នាក់ជាតិរបស់ក្រសួង។

ឯកឧត្តម រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណចំពោះធនាគារអភិវឌ្ឍន៍អាស៊ី ADB ដែល តែងតែមានការគាំទ្រមកដល់ប្រទេសកម្ពុជា ក្នុងកិច្ចសហប្រតិបត្តិការអភិវឌ្ឍកន្លងមក ហើយឆ្លើយ តបនឹងការលើកឡើងនេះ ក្រសួងបរិស្ថានបានផ្តោតលើការងារអាទិភាពសំខាន់ៗ ទី១ គឺភាពស្អាត ទី២ ភាពបៃតង និងទី៣ ចីរភាព។

បន្ថែមពីនេះ លោករដ្ឋមន្រ្តីក៏បានជំរុញឱ្យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) យកចិត្តទុកដាក់ និងបង្វែរ គម្រោងថវិកាឱ្យសមស្របតាមការងារអាទិភាពនៃយុទ្ធសាស្រ្តចក្រារបស់ក្រសួងបរិស្ថាន ទើបការ ប្រើប្រាស់ថវិការបស់គម្រោងទទួលបានប្រសិទ្ធិភាព និងតម្លាភាព។

សូមជម្រាបជូនថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថានឆ្នាំ២០២៣-២០២៨របស់បរិស្ថាននេះ គឺបាន អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១នៃរាជរដ្ឋាភិបាលនីតិកាលទី៧រដ្ឋសភា ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា ដោយផ្អែកលើមូល ដ្ឋាននៃគោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញា អន្តរជាតិពាក់ព័ន្ធ ដើម្បីតម្រង់ទិស និងចង្អុលបង្ហាញការងារជាអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាព បរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋ កិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹតកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»៕