UN: ការវាយប្រហាររបស់អ៉ីស្រាអែល លើជំរំជនភៀសខ្លួន នៅហ្កាហ្សា ​អាចជា «ឧក្រិដ្ឋកម្មសង្រ្គាម»


(ហ្សឺណែវ)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២ ខែវិច្ឆិកា ឆ្នាំ២០២៣ បានបញ្ជាក់ថា ការិយាល័យសិទ្ធិមនុស្សអង្គការសហប្រជាជាតិ នៅថ្ងៃពុធ សប្ដាហ៍នេះបាននិយាយថាការវាយប្រហារតាមផ្លូវអាកាសលើជំរំជនភៀសខ្លួន ដ៏ធំបំផុតមួយ នៅក្នុងតំបន់ហា្កហ្សា អាចជាឧក្រិដ្ឋកម្មសង្រ្គាម ខណៈការព្រួយបារម្ភការពីការផ្ទុះរាលដាលសង្រ្គាម កាន់តែធំ កាន់តែកើនឡើង។

ការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែល ២ថ្ងៃជាប់ៗគ្នាលើជំរំជនភៀសខ្លួនក្នុងទីក្រុង Jabalia នៃតំបន់ហ្កាហ្សា បានសម្លាប់ជនជាតិប៉ាឡេស្ទីន ជាច្រើននាក់ និងរងរបួសរាប់រយនាក់។ ក្រុមហាម៉ាសគ្រប់គ្រងតំបន់ហ្កាហ្សា បានឱ្យដឹងនៅថ្ងៃព្រហស្បតិ៍នេះថាជនជាតិប៉ាឡេស្ទីនយ៉ាង ហោច ១៩៥នាក់ ត្រូវបានសម្លាប់ ក្នុងការវាយប្រហារតាមផ្លូវអាកាសរបស់អ៉ីស្រាអែលលើជំរំជន ភៀសខ្លួនខាងលើ និង ៧៧៧នាក់បានរងរបួស ខណៈ១២០នាក់កំពុង បាត់ខ្លួននៅឡើយ។

គួរបញ្ជាក់ថា អ៉ីស្រាអែល កាលពីថ្ងៃអង្គារកន្លងទៅនេះ បានអះអាងថាការវាយប្រហាររបស់ខ្លួនលើ ជំរំជនភៀសខ្លួន Jabalia បានសម្លាប់មេបញ្ជាការជាន់ ខ្ពស់ម្នាក់របស់ក្រុមហាម៉ាសឈ្មោះ Ibrahim Biari។ អមជាមួយការទម្លាក់គ្រាប់បែកឥតឈប់ឈរ អ៉ីស្រាអែលក៏កំពុងធ្វើសង្រ្គាមជើងគោក ប្រឆាំង ក្រុមហាម៉ាសក្នុងតំបន់ហ្កាហ្សាផងដែរ បន្ទាប់ពីក្រុមអ្នកប្រយុទ្ធប៉ាឡេស្ទីនមួយនេះបានបើក ការវាយប្រហារកាលពីថ្ងៃទី៧ ខែតុលា ដោយសម្លាប់ជនជាតិ អ៉ីស្រាអែល ១,៤០០នាក់ ភាគច្រើន ជាជនស៊ីវិល និងចាប់ខ្លួនមនុស្ស ២៣០នាក់ជាចំណាប់ខ្មាំង។

បើតាមក្រសួងសុខាភិបាលហ្កាហ្សា ការវាយប្រហារសងសឹករបស់អ៉ីស្រាអែល ក៏បានសម្លាប់ជន ជាតិប៉ាឡេស្ទីនជាង ៨,៧៩៦នាក់ផងដែរ ក្នុងនោះ ភាគច្រើនជាជនស៊ីវិល៕