(ភ្នំពេញ)៖ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងភិវឌ្ឍន៍ជនបទ នាថ្ងៃទី២៣ ខែតុលា ឆ្នាំ ២០២៣ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំខែតុលា និងលើកទិសដៅការងារខែ វិច្ឆិកា ឆ្នាំ ២០២៣ របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានវត្តមានផ្ទាល់ពីរដ្ឋលេខាធិការប្រចាំការ រដ្ឋលេខា ធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គាធិការ ប្រធាននាយកដ្ឋាន ព្រមទាំងប្រធានមន្ទីរអភិវឌ្ឍន៍ ជនបទទាំង២៥រាជធានី-ខេត្ត ដែលបានចូលរួមស្តាប់តាមប្រព័ន្ធ ZOOM។
បន្ទាប់ពីបានជូនរបាយការណ៍វឌ្ឍនភាពការងារប្រចាំខែតុលា និងទិសដៅការងារបន្តរួចមក ឯកឧត្តម រដ្ឋមន្រ្ដីបានណែនាំឱ្យថ្នាក់ដឹកនាំ និងសមាជិកអង្គប្រជុំយកចិត្តទុកដាក់ចូលរួមអនុវត្តយុទ្ធ សាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ និងក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី រាជរដ្ឋាភិបាលបានកសាងកម្ពុជាមានមហិច្ឆតាលើកស្ទួយមោទនភាព ជាតិឱ្យឈានកាន់តែខ្ពស់ឡើងដូចសម័យអង្គរ តាមរយៈការកសាងជាតិមួយឱ្យរឹងមាំ រស់រវើក រុងរឿង និងមានវិបុលភាពឱ្យក្លាយជាប្រទេសមានចំណូលខ្ពស់នៅត្រឹមឆ្នាំ២០៥០។
ដើម្បីរួមចំណែកអនុវត្តយុទ្ធសាស្រ្ដនេះ ក្រសួងអភិវឌ្ឍន៍ជនបទបានដាក់ចេញកម្មវិធីសំខាន់ចំនួន៤ គឺ៖
១៖ អភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងគមនាគមន៍ ដោយខិតខំលើកកម្ពស់កម្រិតគុណភាពផ្លូវ ពីផ្លូវក្រាលក្រួសក្រហមឱ្យទៅជាផ្លូវក្រាលកៅស៊ូ និងផ្លូវបេតុង ដើម្បីឱ្យប្រជាពលរដ្ឋទទួលបាន សេវាសាធារណៈ គ្រប់រដូវកាល និងបែងចែកកំណើនសេដ្ឋកិច្ចទៅដល់តំបន់ជនបទ។
ទី២៖ កែលម្អលក្ខខណ្ឌនៃការរស់នៅរបស់សហគមន៍ជនបទ ក្នុងគោលដៅជំរុញសេវាគ្របដណ្តប់ ១០០% នៃទឹកស្អាត និងអនាម័យនៅត្រឹមឆ្នាំ២០៣០។
ទី៣៖ ធ្វើពិពិធកម្មសកម្មភាពសេដ្ឋកិច្ចជនបទ តាមរយៈការចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិស្តីពីការ គ្រប់គ្រងសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដោយជំរុញការបណ្តុះបណ្ដាលជំនាញមូលដ្ឋាន ដើម្បីបង្កើតការងារ និងមុខរបរ ក្នុងគោលដៅបង្កើនចំណូលសេដ្ឋកិច្ចគ្រួសារនៅទីជនបទ។
ទី៤៖ ពង្រឹងស្ថាប័នក្នុងគោលដៅបម្រើប្រជាជននៅជនបទ ដោយសុចរិត និងទទួលខុសត្រូវខ្ពស់។
ក្នុងឱកាសនោះ ឯកឧត្តម រដ្ឋមន្រ្ដីបានលើកឡើងអំពីវឌ្ឍនភាពវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ ជនបទដែលបច្ចុប្បន្នសម្រេចបាន ៨០%ហើយ ព្រមទាំងបានណែនាំឱ្យបន្ដជំរុញបង្កើតភូមិគំរូបន្ថែម ទៀតលើភូមិគំរូដែលមានស្រាប់ចំនួន៣០ភូមិ។
ដោយឡែកចំពោះបញ្ហាផ្សេងៗ ឯកឧត្តម រដ្ឋមន្រ្ដីបានលើកឡើងអំពីការងារមួយចំនួន ដូចខាង ក្រោម៖
– ចូលរួមការរៀបចំប្រទីបរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ដើម្បីអបអរសាទរក្នុងពិធីបុណ្យអុំទូក អកអំបុក សំពះព្រះខែ និងបណ្ដែតប្រទីប នាពេលខាងមុខ
– បង្កើតគណៈកម្មការមួយចំនួន ដើម្បីជាយន្តការដឹកនាំសមូហភាព និងសម្របសម្រួលការងារតាម វិស័យ
– ការងារបណ្ដុះបណ្ដាលលើការងារដឹកនាំដល់មន្ត្រីជំនាញ ដើម្បីពង្រឹងស្ថាប័ន ដែលត្រូវតែជាមន្ត្រី ប្រកបដោយគុណវុឌ្ឍិ គុណធម៌ និងគុណតម្លៃ
– អគ្គនាយកដ្ឋាន នាយកដ្ឋាន អង្គភាព និងមន្ទីរអភិវឌ្ឍន៍ជនបទរាជធានី ខេត្ត ត្រូវអនុវត្តរបបប្រជុំ ត្រួតពិនិត្យការងារប្រចាំខែ ត្រីមាស ឆមាស និងត្រូវពង្រឹងសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អប្រសើរ ផងដែរ៕