ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងធ្វើទស្សនកិច្ចទៅកាន់អ៉ីស្រាអែល នៅថ្ងៃពុធសប្ដាហ៍នេះ

(តែល អាវីវ)៖ ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន នឹងបំពេញទស្សនកិច្ចដើម្បីបង្ហាញសាមគ្គីភាព ទៅកាន់ប្រទេសអ៉ីស្រាអែលនៅថ្ងៃពុធសប្ដាហ៍នេះ ក្រោយ ការវាយប្រហាររបស់ក្រុមហាម៉ាស ស្របពេលអ៉ីស្រាអែលបានយល់ព្រមសហការលើជំនួយស៊ីវិលសម្រាប់តំបន់ហ្កាហ្សា។ នេះជាការបញ្ជាក់របស់ រដ្ឋមន្ត្រីការបរទេសអាមេរិក ដកស្រង់ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣។

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken ធ្វើការកត់សម្គាល់បែបនេះ ក្រោយរូបលោកបានចាយពេលជិត ៨ម៉ោង ក្នុងជំនួបពិភាក្សាជាមួយ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក Benjamin Netanyahu នាឱកាសបំពេញទស្សនកិច្ចនៅអ៉ីស្រាអែល ជាលើកទី២ចាប់តាំងពីមានការវាយប្រហាររបស់ ក្រុមហាម៉ាសកាលពីថ្ងៃទី៧​ ខែតុលាមក។
តាមលោក Blinken នៅព្រឹកថ្ងៃអង្គារនេះ ក្នុងដំណើរទស្សនកិច្ចនៅអ៉ីស្រាអែល លោកប្រធានាធិបតីអាមេរិក ចូ បៃដិន នឹងអះអាងឡើងវិញពីសាមគ្គីភាពរបស់ សហរដ្ឋអាមេរិក ជាមួយអ៉ីស្រាអែល រួមទាំងការប្ដេជ្ញាចិត្តរឹងដូចដែកថែបចំពោះសន្តិសុខរបស់អ៉ីស្រាអែល។ លោកប្រមុខការទូតអាមេរិក ក៏បានសង្កត់ធ្ងន់ដែរថា អ៉ីស្រាអែលមានសិទ្ធិ និងភាពចាំបាច់ដើម្បីការពារប្រជាជនរបស់ខ្លួនពីក្រុមហាម៉ាស និងភេរវករដទៃទៀត និងដើម្បីបង្ការកុំឱ្យមានការវាយប្រហារជាថ្មី នៅពេល អនាគត។ «លោក បៃដិន នឹងស្ដាប់អ្វីដែលអ៉ីស្រាអែលត្រូវការដើម្បីការពារប្រជាជនរបស់ខ្លួន ខណៈយើងកំពុងបន្តធ្វើកិច្ចការជាមួយសភាសំដៅបំពេញតម្រូវការ ទាំងនោះ»។ នេះការបញ្ជាក់បន្ថែមរបស់លោក Blinken៕