(ណៃពិដោ)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី១៤ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា អ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ (UN) ទទួលបន្ទុកកិច្ចការមីយ៉ាន់ម៉ា បានអំពាវនាវនៅថ្ងៃពុធសប្តាហ៍នេះដល់សហរដ្ឋអាមេរិក ឲ្យរឹត បន្តឹងការដាក់ទណ្ឌកម្មបន្ថែមទៀតលើមេដឹកនាំយោធាមីយ៉ាម៉ា ជាពិសេសគឺផ្តោតលើប្រភពចំណូល សំខាន់ៗរបស់ពួកគេ ដូចជាសហគ្រាសប្រេង និងឧស្ម័ន របស់រដ្ឋជាដើម។
អ្នករាយការណ៍ពិសេសរបស់ UN លោក ថម អាន់ឌ្រូ (Tom Andrews) បានកោតសរសើរដល់ក្រុង វ៉ាស៊ីនតោន ចំពោះការដាក់ទណ្ឌកម្មលើធនាគារពាណិជ្ជកម្ម បរទេស ធនាគារវិនិយោគ និងពាណិជ្ជ កម្មនៅមីយ៉ានម៉ា កាលពីខែមិថុនា ប៉ុន្តែនិយាយថា វាចាំបាច់ត្រូវរឹតបន្តឹងបន្ថែមទៀត។ លោក អាន់ ឌ្រូ បានជំរុញឲ្យ ទីក្រុងវ៉ាស៊ីនតោន ធ្វើការជាមួយប្រទេសដទៃទៀត ដើម្បីរារាំងការហូរចូលអាវុធទៅ ដល់របបយោធា។ លោក អាន់ឌ្រូ ក៏បានលើកឡើងផងដែរថា វាពិតជាមានសារៈសំខាន់សម្រាប់ ទីក្រុងវ៉ាស៊ីនតោន ដោយយ៉ាងហោចណាស់ត្រូវចាត់ចែងលើការគាំទ្រផ្នែកមនុស្សធម៌ សម្រាប់ជន រងគ្រោះដោយរបបយោធា ទាំងនៅក្នុង និងក្រៅប្រទេសមីយ៉ាន់ម៉ា។
គួរបញ្ជាក់ថា កាលពីខែសីហា សហរដ្ឋអាមេរិក បានពង្រីកទណ្ឌកម្មរបស់ខ្លួនប្រឆាំងនឹងមីយ៉ាន់ម៉ា ដោយដាក់បញ្ចូលក្រុមហ៊ុនបរទេស ឬបុគ្គលដែលជួយដល់ របបយោធាក្នុងការទិញប្រេងចាក់ យន្តហោះ ដែលប្រើដើម្បីបើកការវាយប្រហារតាមអាកាស ចំពេលដែលមានការប៉ាន់ប្រមាណថា យោធាបានសម្លាប់ជនស៊ីវិល ជាង ៣,៩០០នាក់ ចាប់តាំងពីមានរដ្ឋប្រហារឆ្នាំ២០២១៕