(ភ្នំពេញ)៖ ឯកឧត្តម ហ្សង់-ហ្វ្រង់ស័រ តាន់ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តីទទួលបន្ទុកកិច្ចការ ការប រទេស និងសហប្រតិបត្តិការអន្តរជាតិ បានលើកឡើង ជោគជ័យ៣ចំណុចសំខាន់ៗ របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា ក្នុងជំហានដំបូងលើឆាកអន្តរជាតិ នៅទីក្រុង ហ្សាការតា ប្រទេសឥណ្ឌូនេស៊ី។
តាមរយៈបណ្តាញសង្គមហ្វេសប៊ុក លោក ហ្សង់-ហ្វ្រង់ស័រ តាន់ បានលើកឡើងដូចតទៅ៖
១៖ កិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ត្រូវបិទបញ្ចប់ កាលពីយប់ថ្ងៃ ទី៧កញ្ញា ម្សិលម្ង៉ៃ នៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។ ក្នុងរយៈពេល ៤ថ្ងៃពេញ (ពី៤ដល់៧កញ្ញា) សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រីកម្ពុជា ហ៊ុន ម៉ាណែត ចូលរួមយ៉ាងស្វិត ស្វាញក្នុងជំនួបកំពូល (ក្របខណ្ឌអាស៊ាន), ជំនួបកំពូលទ្វេភាគី (ដោយឡែកពីក្របខណ្ឌអាស៊ាន) ព្រមទាំងកិច្ចប្រជុំផ្សេងៗដទៃទៀត សរុបទាំងអស់ជាង៣០។ ជារួម សម្តេចធិបតី ហ៊ុន ម៉ាណែត មានឱកាសចាប់ដៃ ជួបជាផ្លូវការឬក្រៅផ្លូវការ ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាល ព្រមទាំងមេដឹកនាំ កំពូលៗ នៃបណ្តាស្ថាប័នតំបន់និងអន្តរជាតិផ្សេងៗ សរុបទាំងអស់មិនតិចជាង២០នាក់នោះទេ ដែលមកពីគ្រប់ជ្រុងជ្រោយនៃពិភពលោក ពីអាស៊ីអាគ្នេយ៍, ចិន, ជប៉ុន, កូរ៉េខាងត្បូង, ឥណ្ឌា, អាមេរិក, កាណាដា, អូស្ត្រាលី, និងនូវែលសេឡង់…។ ទាំងអស់នេះស្តែងឱ្យឃើញប្រកែកមិនបាននូវជោគជ័យផ្នែកការទូតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាឱកាសបេសកកម្មលើកទីមួយបង្អស់របស់សម្តេច លើឆាកអន្តរជាតិ ក្នុងតំណែងជា នាយករដ្ឋមន្ត្រីកម្ពុជា ក្រោយពី សម្តេច ទទួលបានតំណែងដ៏ខ្ពង់ខ្ពស់ និងដ៏ថ្លៃថ្លាមួយនេះ កាលពី ថ្ងៃទី២២ សីហា កន្លងទៅ។
២៖ ជោគជ័យផ្នែកការទូតនេះ ក្លាយជាជោគជ័យនយោបាយ, ពិសេសចាប់ពីពេលដែល សម្តេច ធិបតី ហ៊ុន ម៉ាណែត ផ្តើមថ្លែងសុន្ទរកថា (លើកទីមួយក្នុងកិច្ចប្រជុំកំពូលធុរកិច្ចនិងវិនិយោគអាស៊ាន នៅថ្ងៃទី៤កញ្ញា) និងបន្តថ្លែងសុន្ទរកថាជាហូរហែ នាថ្ងៃបន្តបន្ទាប់។ ហេតុអ្វី? ពីព្រោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជូនសារសំខាន់មួយទៅកាន់ថ្នាក់ដឹកនាំបរទេសទាំងជាង២០នាក់ដែលមានវត្ត មាននៅទីក្រុងហ្សាការតា ថា សន្តិភាពនិងការអភិវឌ្ឍចិញ្ចឹមគ្នាទៅវិញទៅមក ។ ជាការពិត សារមួយ នេះមានលក្ខណៈសាមញ្ញ ប៉ុន្តែ ពោរពេញទៅដោយអត្ថន័យ សម្រាប់បណ្តាប្រទេសតូចនិងនៅ ខ្សត់ខ្សោយក្នុងលោក ដូចប្រទេសកម្ពុជា ដែលធ្លាប់ហែលឆ្លងកាត់សោកនាដកម្មមួយពាន់ជំពូក។ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ហ៊ុន ម៉ាណែត ថ្លែងហើយថ្លែងទៀតថា«សង្រ្គាមមិនអាចបញ្ចប់ដោយ សង្រ្គាមបានឡើយ» និងថា គ្មានសោះឡើយការអភិវឌ្ឍសេដ្ឋកិច្ច បើគ្មានសន្តិភាពទេនោះ។ គឺសារនយោបាយនេះហើយ(មេរៀនដកស្រង់ចេញពីប្រវត្តិសាស្ត្រនៃកម្ពុជាដ៏អភ័ព្វរបស់យើង) ដែលបណ្តាប្រទេសជាច្រើនក្នុងតំបន់និងក្នុងលោកចង់ឮ ខណៈដែលវិបត្តិនៅមីយ៉ាន់ម៉ា និង សង្គ្រាមនៅអ៊ុយក្រែន នៅបន្តអូសបន្លាយ និង ខណៈដែលនៅអាស៊ី-ប៉ាស៊ីហ្វិក ស្ថានភាពភូមិ សាស្ត្រនយោបាយមានលក្ខណៈកាន់តែតានតឹងឡើងជាលំដាប់។
៣៖ បន្ថែមពីលើជោគជ័យការទូត និងជោគជ័យនយោបាយ មានជោគជ័យសេដ្ឋកិច្ចដែលគួរតែត្រូវ លើកឡើង។ ក្នុងអំឡុងពេល៤ថ្ងៃពេញ នៅទីក្រុងហ្សាការតា សម្តេចធិបតី ហ៊ុន មាណែត ប្រឹង ប្រែងណាស់ (ពិសេសក្នុងក្របខណ្ឌនៃជំនួបទ្វេភាគី) ប្រឹងប្រែងស្វែងរកប្រយោជន៍សេដ្ឋកិច្ចជូន កម្ពុជា។ ជាក់ស្តែង ពីឥណ្ឌូណេស៊ី នាយករដ្ឋមន្ត្រីកម្ពុជា ទទួលបានការប្តេជ្ញា ថា នឹងនាំចូលអង្ករ ខ្មែរឱ្យបាន២៥០,០០០ តោនក្នុងមួយឆ្នាំ ហើយនឹងផ្គត់ផ្គង់ជីព្រមទាំងការបណ្តុះបណ្តាលដល់ កសិករខ្មែរ។ ជាក់ស្តែងដូចគ្នា កម្ពុជាចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាជាមួយហ្វីលីពីន ដើម្បីអភិវឌ្ឍក្នុងភាពជាដៃគូ វិស័យកសិកម្ម និងវិស័យសហគ្រាសតូចនិងមធ្យម។ មិនតែប៉ុណ្ណោះ ហ្វីលីពីន សន្យាថានឹងសិក្សាលទ្ធភាពនៃការបង្កើតនិងបង្កើនជើងហោះហើរផ្លូវត្រង់ ពីទីក្រុងទេស ចរណ៍របស់ខ្លួនឆ្ពោះមកកាន់សៀមរាប។ រីឯកូរ៉េខាងត្បូងនិងម៉ាឡេស៊ីវិញ យល់ព្រមជាគោលការណ៍ ក្នុងការបង្កើនកូតាពលករខ្មែរនិងក្នុងការចាត់វិធានការបន្ថែមដើម្បីពង្រឹងកិច្ចគាំពាពលករខ្មែរដែលរស់និងធ្វើការនៅក្នុងប្រទេសរបស់ពួកគេ៕