ក្រសួងសុខាភិបាលកម្ពុជា បានជូនដំណឹងថា បើគិតត្រឹមព្រឹកថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ នេះ អ្នកជំងឺកូវីដ១៩ បានជាសះស្បើយថ្មីចំនួន ២នាក់ទៀត ធ្វើឲ្យចំនួនអ្នកជាសះស្បើយសរុបកើនឡើងរហូតដល់ ៧៧នាក់ និងរកឃើញករណីឆ្លងថ្មី ២នាក់។ ចំណែកអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ១៩ មានចំនួន ៤៥នាក់ នៃអ្នកឆ្លងសរុប ១២២នាក់។

ករណីជាសះស្បើយមាន ២នាក់ នោះគឺជាបុរសជនជាតិម៉ាឡេស៊ី ទាំង២នាក់ មានអាយុ៣៤ឆ្នាំ និងអាយុ៥៨ឆ្នាំ មកពីប្រទេសម៉ាឡេស៊ី ធ្វើការងារ ផ្នែកសាសនានៅតាមភូមិ ឃុំ ស្រុកកងមាស ខេត្តកំពង់ចាម បានជាសះស្បើយ ដោយទទួលបានលទ្ធតេស្តអវិជ្ជមានវីរុសកូវីដ១៩ ចំនួន២លើក និងត្រូវបានអនុញ្ញាត ឱ្យចេញពីមន្ទីរពេទ្យខេត្តកំពង់ចាម។

ចំណែកករណីរកឃើញវីរុសកូរីដ១៩ថ្មី ២នាក់ ដូចជា ១. ស្ត្រីជនជាតិវៀតណាម អាយុ២៤ឆ្នាំ ជាអ្នកទេសចរស្នាក់នៅបន្ទប់មួយ (Apartment) នៅផ្លូវលេខ៣០២ សង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកវីដ១៩ និងកំពុងសម្រាកព្យាបាល នៅមណ្ឌលសុខភាពចាក់អង្រែក្រោម។២.បុរសជនជាតិកាណាដា (ដើមកំណើតចិន) អាយុ៥០ឆ្នាំ ជាស្វាមីស្ត្រីជនជាតិវៀតណាមខាងលើ បម្រើការនៅកាស៊ីណូ ក្នុងរាជធានីភ្នំពេញ មានលទ្ធផលតេស្តវិជ្ជមានវីរុសកូវីដ១៩ និងកំពុងសម្រាកព្យាបាលនៅ មណ្ឌលសុខភាពចាក់អង្រែក្រោម៕