សម្ដេចតេជោ ផ្ញើសារតាមហ្វេសប៊ុកផេកជូនប្រជាពលរដ្ឋ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីបានសរសេរលើទំព័រហ្វេសប៊ុករបស់សម្ដេចប្រាប់មកប្រជាពលរដ្ឋអំពីការប្រារព្ធពិធីបុណ្យចូលឆ្នាំនៅឆ្នាំនេះគឺនៅតែប្រព្រឹត្តទៅជាធម្មតា ដោយគ្រាន់តែផ្អាកការប្រមូលផ្ដុំ។តែបងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួនបានដោយពុំមានទាស់ខុសអ្វីទេ។

ខាងក្រោមនេះជាសំណេរផ្ទាល់របស់សម្ដេចនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់សម្ដេច។ដែលបង្ហាញថា សម្ដេចជានិច្ចកាលបានផ្ដោតការយកចិត្តទុកដាក់ចំពោះ ប្រទេសជាតិ និងប្រជាជន។

ថ្ងៃចូលឆ្នាំថ្មីប្រពៃណីជាតិគឺនឹងមកដល់នៅថ្ងៃទី ១៣-១៦ មេសា ស្អែកនេះ។ បងប្អូនប្រជាពលរដ្ឋអាចប្រារព្ធពិធីសែនទទួលទេវតាឆ្នាំថ្មីនៅតាមគេហដ្ឋានរៀងៗខ្លួន។ ចំពោះការប្រមូលផ្តុំមនុស្សច្រើននៅតាមវត្តអារាម រួមទាំងកម្មវិធីកំសាន្តសប្បាយនានានៅតាមទីធ្លាសាធារណៈ និងតាមបណ្តាវត្តទូទាំងប្រទេសគឺត្រូវបានផ្អាកសម្រាប់ឆ្នាំនេះ ដោយសារប្រទេសយើងកំពុងចូលរួមប្រយុទ្ធប្រឆាំងកម្ចាត់មេរោគឆ្លងកូវីដ-១៩ ជាមួយពិភពលោក។ ចំពោះមុខ គឺអាយុជីវិតរបស់បងប្អូនប្រជាពលរដ្ឋសំខាន់ខ្លាំងបំផុត។

ទន្ទឹមនឹងនេះ គឺមានវិធីចាំបាច់ងាយៗមួយចំនួនដែលពលរដ្ឋអាចធ្វើបានដើម្បីការពាររោគឆ្លងកូវីដ១-៩គឺត្រូវពាក់ម៉ាស ក្រមា,ឧស្សាហ៍ដុសលាងសម្អាតដៃជាមួយសាប៊ូ, ទឹកអាល់កុល ឬជិលសម្លាប់មេរោគនិងបាក់តេរី, កុំនៅផ្តុំគ្នាច្រើន, កុំបម្លាស់ប្តូរទីពីកន្លែងមួយទៅកន្លែងមួយក្នុងពេលដែលមានការរីករាលដាលឆ្លងដែលយើងមើលមិនឃើញ ដែលអាចនាំមេរោគពីយើងទៅគេ ឬពីគេមកយើងទាំងក្នុងពេលធ្វើដំណើរ និងក្នុងពេលស្នាក់អាស្រ័យនៅជាដើម។

ដោយសារជំងឺកូវីដ១៩ នេះងាយឆ្លងលឿនសាហាវពេក ទើបរាជរដ្ឋាភិបាលសម្រេចដាក់បម្រាមហាមមិនអោយពលរដ្ឋធ្វើដំណើរឆ្លងកាត់ពីខេត្តមួយទៅកាន់ខេត្តមួយ និងបានលើកថ្ងៃចូលឆ្នាំខ្មែរ២០២០ ទៅពេលក្រោយដែលនឹងសងជូនថ្ងៃឈប់សម្រាក (៥) ថ្ងៃមកវិញ នៅពេលណាដែលប្រទេសជាតិវិលត្រឡប់មកកាន់ស្ថានភាពធម្មតាគ្មានជំងឺកូវីដ-១៩។

អរគុណមន្រ្តីរាជការ ក្រុមហ៊ុនឯកជន និងក្មួយៗកម្មករដែលចូលរួមប្រយុទ្ឋប្រឆាំងនឹងជំងឺឆ្លងកូវីដ១៩ ដោយបន្តធ្វើការងារជាធម្មតានៅក្នុងកំឡុងពេលចូលឆ្នាំនេះ។

សូមជូនពរបងប្អូនជនរួមជាតិ និងកូនក្មួយទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អនៅក្នុងឱកាសនៃថ្ងៃបុណ្យចូលឆ្នាំខ្មែរ ២០២០៕