(ភ្នំពេញ)៖ ប្រធានាធិបតីសាធារណរដ្ឋកូរ៉េ (កូរ៉េខាងត្បូង) លោក យូន ស៊ក យ៉ល (Yoon Sok Yeol) បានបង្ហាញនូវជំនឿចិត្តរបស់លោកថា ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នឹងធ្វើឱ្យកម្ពុជាមានវឌ្ឍនភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត។
មុននឹងបញ្ចប់បេសកកម្មការងារនៅប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ម្សិលមិញនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយប្រធានាធិបតីកូរ៉េខាងត្បូង។
ជាកិច្ចចាប់ផ្តើមនៃជំនួបនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានចូលរួមរំលែកមរណទុក្ខ និងសម្តែងការសោកស្តាយជាមួយលោកប្រធានាធិបតី ចំពោះមរណភាពលោកឪពុក កាលពីពេលថ្មីៗនេះ។
សម្តេចធិបតីនាយករដ្ឋមន្ត្រីកម្ពុជា ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ជូនចំពោះ លោកប្រធានាធិបតី ដែលបានផ្ញើសារអបអរសាទរសម្តេចធិបតី ដែលទទួលបានការគាំទ្រដឹកនាំរាជដ្ឋាភិបាល។ សម្តេចធិបតី ក៏បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខ និងក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រធានឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ ជូនចំពោះលោក ក៏ដូចជាប្រជាជនកូរ៉េ ដែលកន្លង មកជាមិត្តដ៏ជិតស្និទ្ធរបស់កម្ពុជា។
សម្តេចធិបតី ក៏បានបញ្ជាក់បន្ថែមអំពីការបន្តរក្សាគោលនយោបាយ និងកិច្ចសហប្រតិបត្តិការរបស់កម្ពុជា ចំពោះប្រជាជន និងប្រទេសកូរ៉េ បើទោះបីជាមានការផ្លាស់ប្តូរថ្នាក់ដឹកនាំនៅក្នុងរាជរដ្ឋាភិ បាលកម្ពុជាក៏ដោយ។
លោក យូន ស៊ក យ៉ល បានថ្លែងអំណរគុណ និងបានសម្តែងនូវសេចក្តីសោមនស្សរីករាយ ដែលបានជួបពិភាក្សាជាមួយសម្តេចធិបតី ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី៤៣ និងកិច្ច ប្រជុំកំពូលពាក់ព័ន្ធនេះ។
លោកប្រធានាធិបតី ក៏បានឆ្លៀតយកឱកាសនេះ កោតសរសើរ និង វាយតម្លៃខ្ពស់ចំពោះប្រជាជនកម្ពុជា និងជាពិសេសសម្តេចតេជោ ដែលបានព្យាយាមរក្សា និងពង្រឹងចំណងការទូតជាមួយកូរ៉េ។
ទន្ទឹមគ្នានោះ លោកប្រធានាធិបតី ក៏បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា ក្រោមការដឹកនាំរបស់ សម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងធ្វើឱ្យកម្ពុជាទទួលបានវឌ្ឍនភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត នាពេលអនាគត។
ប្រធានាធិបតីកូរ៉េខាងត្បូង បានថ្លែងអំណរគុណចំពោះការស្វាគមន៍យ៉ាងកក់ក្តៅរបស់ សម្តេចតេជោ ក្នុងអំឡុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤១ នៅរាជធានីភ្នំពេញ ហើយរដ្ឋាភិបាលកូរ៉េ ក៏សូម អរគុណចំពោះកម្ពុជាដែលបានគាំទ្របេក្ខភាពកូរ៉េ ក្នុងការធ្វើជាម្ចាស់ផ្ទះរៀបចំពិព័រណ៍ពិភពលោក ឆ្នាំ២០៣០ នៅទីក្រុងប៊ូសានផងដែរ។
ក្រៅតែពីកិច្ចស្វាគមន៍ដូចរៀបរាប់ខាងលើនេះទៅ ក្នុងជំនួបនេះ ថ្នាក់ដឹកនាំប្រទេសទាំងពីរ បានឯក ភាពពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៅលើវិស័យដែលមានសក្តានុពល ដូចជាការ វិនិយោគ, ពាណិជ្ជកម្ម, កសិកម្ម, សុខភាពសាធារណៈ, ការពារជាតិ និងការតភ្ជាប់រវាងប្រជាជន និងប្រជាជន។
ថ្នាក់ដឹកនាំទាំងពីរបានបញ្ចប់ជំនួបនេះ ក្នុងបរិយាកាសដ៏ស្និទ្ធស្នាល និងរីករាយ ហើយ សម្តេចធិបតី បានបញ្ជាក់បន្ថែមអំពីបំណងរបស់កម្ពុជា ក្នុងការជំរុញកិច្ចសហប្រតិបត្តិការជាមួយកូរ៉េ ឱ្យក្លាយជា ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយនាពេលអនាគតដ៏ខ្លីខាងមុខនេះ៕