(ព្រុចសែល)៖ យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី៧ ខែកញ្ញា ឆ្នាំ ២០២៣ អោយដឹងថា បណ្តាប្រទេសកំពុងអភិវឌ្ឍន៍បានដាក់ចេញនូវសំណើរ ស្នើសុំមូលនិធិ UN ១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០ ដើម្បីដោះស្រាយការខូចខាតដែល បណ្តាលមកពីការប្រែប្រួលអាកាសធាតុ ខណៈប្រទេសនានាត្រៀមពិភាក្សាអំពីអ្នកដែលនឹងត្រូវ ទទួលបានអត្ថប្រយោជន៍ និងអ្នកដែលត្រូវចំណាយ នៅឯ កិច្ចប្រជុំកំពូលអង្គការសហប្រជាជាតិស្តី ពីអាកាសធាតុ (COP28)។
ប្រទេសនានា នឹងកំណត់ព័ត៌មានលម្អិតនៃការខូចខាតដោយសារការប្រែប្រួលអាកាសធាតុ នៅក្នុង កិច្ចប្រជុំកំពូល ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី៣០ ខែវិច្ឆិកា ដល់ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ នៅ ទីក្រុងឌូបៃ។ ប្រសិនបើសំណើត្រូវបានទទួលយក នោះវានឹងក្លាយជាមូលនិធិដំបូងរបស់អង្គការ សហប្រជាជាតិ សម្រាប់ ការដោះស្រាយបញ្ហាដែលបណ្តាមកពីគ្រោះរាំងស្ងួត ទឹកជំនន់ និងការកើន ឡើងនៃកម្រិតទឹកសមុទ្រ។
នៅក្នុងកិច្ចប្រជុំគណៈកម្មាធិការអង្គការសហប្រជាជាតិ កាលពីសប្តាហ៍មុន ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងនៅក្នុងតំបន់អាហ្រ្វិក អាមេរិកឡាទីន អាស៉ីប៉ាស៊ីហ្វិក និងដែនកោះតូចៗ បានស្នើឡើងថា មូលនិធិសម្រាប់ដោះស្រាយការបំផ្លិចបំផ្លាញដោយសារតែកត្តាអាកាសធាតុគួរតែរៀបចំយ៉ាងហោចណាស់ ១០០ពាន់លានដុល្លារនៅឆ្នាំ២០៣០។ ទឹកប្រាក់ចំនួន ១០០ពាន់លានដុល្លារនេះ គួរតែជា កម្រិតសមរម្យ និងអាចផ្តល់សំណាញ់សុវត្ថិភាពបាន នៅពេលដែលផលប៉ះពាល់ផ្នែកអាកាសធាតុ ដាក់បន្ទុកលើសពីសមត្ថភាពរបស់ប្រទេសមួយ។
សូមជម្រាបថា ទោះជាយ៉ាងណាក៏ដោយ ការសម្រេចចិត្តនៅ COP28 ត្រូវការការគាំទ្រជាឯកច្ឆន្ទ ពីប្រទេសជិត ២០០ ដែលចូលរួមកិច្ចប្រជុំកំពូល របស់ អង្គការសហប្រជាជាតិ ហើយសំណើនេះគឺ ផ្ទុយនឹងគោលជំហររបស់ប្រទេសអ្នកមានមួយចំនួន ដែលរំពឹងថានឹងរួមចំណែកដល់មូលនិធិនេះ៕