អ៊ុយក្រែន រាយការណ៍ពីភាពរីកចម្រើន នៅភាគខាងត្បូង និងភាគខាងកើត

(កៀវ)៖  យោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ បញ្ជាក់ថា អ៊ុយក្រែន បានឲ្យដឹងនៅថ្ងៃចន្ទសប្តាហ៍នេះថា កងទ័ពរបស់ខ្លួនបានដណ្តើម យកទឹកដីបន្ថែមទៀតពីតំបន់ជួរមុខភាគខាងកើត និងកំពុងឆ្ពោះទៅភាគខាងត្បូងបន្ថែមទៀត ក្នុងប្រតិបត្តិការវាយបកប្រឆាំងកងកម្លាំងរុស្ស៉ី។

អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី ហានណា ម៉ាលីអារ (Hanna Maliar) បាននិយាយថា កងកម្លាំងទីក្រុងកៀវ ដណ្តើមបានមកវិញនូវផ្ទៃដីប្រហែល ៣គីឡូម៉ែត្រក្រឡា ជុំវិញទីក្រុងបាកមូត (Bakhmut) ដែលស្ថិតនៅភាគខាងកើតប្រទេសកាលពីសប្តាហ៍មុន។ លោកស្រី ម៉ាលីអារ ក៏បាន រាយការណ៍ពីភាពជោគជ័យក្នុងទិសដៅនៃភូមិចំនួន ២ នៅតំបន់ Zaporizhzhia ដែលស្ថិតនៅភាគ ខាងត្បូងប្រទេសផងដែរ ប៉ុន្តែមិនបានផ្តល់ព័ត៌មានលម្អិត។

គួរបញ្ជាក់ថា បើតាមអនុរដ្ឋមន្រ្តីការពារជាតិអ៊ុយក្រែនរូបនេះ គិតចាប់តាំងពីបើកប្រតិបត្តិការវាយ បកលើរុស្ស៉ី កាលពីខែមិថុនាមក អ៊ុយក្រែន បានដណ្តើមយកមកវិញនូវផ្ទៃដី ៤៧គីឡូម៉ែត្រក្រឡា ប៉ុន្តែមិនអាចទម្លុះខ្សែការពារនៅលើផ្នែកនៃទឹកដីដែលពោរពេញដោយគ្រាប់មីន និងលេណដ្ឋានដ៏ ធំរបស់រុស្ស៉ី បាននោះទេ៕