ស្ថានទូតឥណ្ឌូនេស៊ី ថ្លែងអំណរគុណស្នងការនគរបាលរាជធានីភ្នំពេញ ដែលមានចំណាត់ការដ៏ មានប្រសិទ្ធភាពជួយដល់ពលរដ្ឋឥណ្ឌូនេស៊ី ដែលជាជនរងគ្រោះដោយបានរំដោះពីជនទុច្ចរិត


(ភ្នំពេញ)៖ លោក ជូម៉ារ៉ា ស៊ូពីយ៉ាឌី ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី បានដឹកនាំប្រតិភូ អញ្ជើញសំដែងការគួរសម និងពិភាក្សាអំពីកិច្ចសហប្រតិបត្តិការជាមួយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅបន្ទាប់ពីឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ទើបតែចូលកាន់តំណែងជាអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជ ធានីភ្នំពេញកាលពីពេលថ្មីៗនេះ។

នាឱកាសនោះដែរ ទីប្រឹក្សាស្ថានទូតសាធារណរដ្ឋឥណ្ឌូនេស៊ី ក៏បានថ្លែងអំណរគុណដល់លោកស្នង ការនគរបាលរាជធានីភ្នំពេញកាលពីពេលថ្មីនេះ ក៏បានមានចំណាត់ការដ៏មានប្រសិទ្ធភាពម៉ត់ចត់ ជួយដល់ប្រជាពលរដ្ឋឥណ្ឌូនេស៊ី ដែលជាជនរងគ្រោះដោយបានរំដោះពីជនទុច្ចរិត។

លោក ជូម៉ារ៉ា ស៊ូពីយ៉ាឌី បានលើកឡើងចូលរួមអបអរសាទរជាមួយឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ដែលរាជរដ្ឋាភិបាលកម្ពុជានិង ក្រសួងមហាផ្ទៃ បានតែងតាំងមុខតំណែងអគ្គស្នងការរងនគរបាល ជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញដែលពិនិត្យឃើញលោកមានស្នាដៃល្អធ្លាប់មានបទពិសោធន៍ដឹកនាំការងារនៅខេត្តព្រះសីហនុ។ ជាពិសេសក៏បានវាយតម្លៃខ្ពស់ពីកិច្ចសហប្រតិបត្តិការការងារល្អរវាងស្ថានទូតឥណ្ឌូនេស៊ី និងស្នង ការដ្ឋាននគរបាលរាជធានីភ្នំពេញ កាលពីកន្លងមក។

ពិសេសថែមទៀតនោះ ស្ថានទូតឥណ្ឌូនេស៊ី ក៏បានកោតសរសើរឧត្តមសេនីយ៍ទោ ជួន ណារិន្ទ កាលដែលកាន់តំណែងជាស្នងការនគរបាលខេត្តព្រះសីហនុធ្លាប់សហការ សម្របសម្រួលក្នុងកិច្ច ការងារជួយអន្តាគមន៍ដល់អ្នកទេសចរណ៍ ក៏ដូចជាអ្នកវិនិយោគទុនឥណ្ឌូនេស៊ី ដែលមានបញ្ហា ផ្សេងៗនៅក្នុងខេត្តព្រះសីហនុនឹងក៏បានជួយសម្រួលកិច្ចការងារផ្សេងទៀតផងដែរ។

លោកក៏សង្ឃឹមជឿជាក់នូវកិច្ចសហប្រតិបត្តិការល្អនេះរវាងស្ថានទូតណ្ឌូនេស៊ី និងស្នងការដ្ឋាននគរ បាលរាជធានីភ្នំពេញ គឺនៅបន្តឱ្យកាន់តែរឹងមាំទៅមុខបន្ថែមទៀត។

ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ បានលើកឡើងថា ទោះបីនគរបាលជាតិឥណ្ឌូនេស៊ី និងនគរបាលជាតិកម្ពុជាមិនទាន់ចុះMOU ជាមួយគ្នាក៏ដោយក៏រវាងនគរបាលជាតិឥណ្ឌូនេស៊ីក៏បានធ្លាប់យោគយល់ពីកិច្ចប្រតិបត្តិការការងារជាមួយនគរបាលជាតិកម្ពុជារួចហើយផងដែរ។ជាពិសេសនៅខេត្តព្រះសីហនុឯកឧត្តម ក៏ធ្លាប់ជួយ សហការលើកកិច្ចប្រតិបត្តិការងារជាមួយស្ថានទូតឥណ្ឌូនេស៊ី ហើយបដោះស្រាយបញ្ហាទទួលបាន លទ្ធផលល្អជាមួយស្ថានទូតឥណ្ឌូនេស៊ី។ដូច្នេះនៅពេលខាងមុខមាន(MOU)រវាងនគរបាលជាតិឥណ្ឌូនេស៊ីនិងនគរបាលជាតិកម្ពុជាកិច្ចបង្កើនសហប្រតិបត្តិការកាន់តែជិតស្និតរវាងគ្នា។

អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានជម្រាបជូនដល់ទីប្រឹក្សាស្ថានទូតឥណ្ឌូនេស៊ី ពីមោទនភាពរបស់ព្រះរាជាណាចក្រកម្ពុជា ដែលមានសម្តេចនាយករដ្ឋមន្រ្តី វ័យក្មេងនៅព្រឹកថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៣ បានដឹកនាំគណៈប្រតិភូអញ្ជើញចូលរួមក្នុងកិច្ចប្រជុំ កំពូលអាស៊ាននៅប្រទេសឥណ្ឌូនេស៊ីដែលប្រទេសឥណ្ឌូនេស៊ីជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំដ៏មានសារៈសំខាន់នេះនិងបានជូនពរដល់ប្រទេសឥណ្ឌូនេស៊ីទទួលបានជោគជ័យក្នុងនាមជាប្រធានបន្តវេនដឹកនាំអាស៊ាន៕