(សេអ៊ូល)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ២០២៣ បានបញ្ជាក់ថា ប្រធានាធិបតីកូរ៉េខាងត្បូង លោក យូន ស៊ុកយុល បាននិយាយថា លោកផ្ទាល់នឹងជំរុញឱ្យមានការឆ្លើយតបយ៉ាងរឹងមាំ ចំពោះកម្មវិធមីស៊ីល និងអាវុធនុយក្លេអ៊ែរ របស់កូរ៉េខាងជើង នៅឯកិច្ចប្រជុំកំពូលអាស៊ានក្នុងសប្ដាហ៍នេះ ជាមួយការសង្កត់ធ្ងន់ថាកម្មវិធី អាវុធទាំងនេះជាការគំរាមកំហែងមួយ ដល់តំបន់ទាំងមូល។
លោក យូន ស៊ុកយុល នឹងចេញដំណើរពីកូរ៉េខាងត្បូងនៅថ្ងៃអង្គារសប្ដាហ៍នេះ ទៅកាន់ប្រទេស ឥណ្ឌូណេស៊ី ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ាន មុននឹងត្រូវ ទៅចូលរួមកិច្ចប្រជុំកំពូល G20 ក្នុងទីក្រុងញូវដេលី ប្រទេសឥណ្ឌា។ ថ្លែងក្នុងបទសម្ភាសន៍ជាមួយកាសែត Kompas របស់ឥណ្ឌូ ណេស៊ីចេញផ្សាយ នៅថ្ងៃអង្គារនេះ លោក យូន បានគូសបញ្ជាក់ដូច្នេះថា «សាធារណរដ្ឋកូរ៉េ និងអាស៊ានត្រូវតែរួបរួមគ្នា ដើម្បីឆ្លើយតបដាច់ខាត និងធ្វើកិច្ចសហប្រតិបត្តិការ យ៉ាងជិតស្និទ្ធ ស្ដីពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង»។ លោកបន្ថែមថាកម្មវិធីអាវុធនុយក្លេអ៊ែរ និងមីស៊ីលរបស់កូរ៉េខាងជើងគឺជាការគំរាមកំហែងដោយផ្ទាល់មួយដល់សមាជិកអាស៊ានទាំងអស់ផងដែរ៕