(រ៉ូម)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី៥ ខែកញ្ញា ឆ្នាំ ២០២៣ គឺ រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី (Wang Yi) បាននិយាយថា កិច្ចសហប្រតិបត្តិ ការជាមួយអីតាលី ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ទទួលបានផ្លែផ្កា ដោយផលិតផលរបស់ អ៉ីតាលីដែលមានគុណភាពខ្ពស់ បានទៅដល់ដៃពលរដ្ឋរាប់ពាន់គ្រួសារក្នុងប្រទេសចិន។
បើតាមសេចក្តីថ្លែងការណ៍របស់ក្រសួងការបរទេសចិន នៅថ្ងៃអង្គារនេះ លោក វ៉ាង បានប្រាប់ ឧបនាយករដ្ឋមន្ត្រី អ៉ីតាលី លោក អាន់តូនីញ៉ូ តាយ៉ានី (Antonio Tajani) ក្នុងកិច្ចប្រជុំមួយកាលពីថ្ងៃ ចន្ទសប្តាហ៍នេះថា «មិត្តភាពរាប់ពាន់ឆ្នាំដែលទទួលបានពីវិថីសូត្របុរាណចិន កំពុងរីកសាយ»។ លោក វ៉ាង បានបន្ថែមថា «ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយនេះ ទំហំពាណិជ្ជកម្មរវាងចិន និងអ៉ីតាលី បានកើនឡើងពីចំនួន ៥០ពាន់លានដុល្លារដល់ជិត ៨០ពាន់លានដុល្លារ ហើយការនាំចេញរបស់ អ៉ីតាលីទៅកាន់ប្រទេសចិនទៀតសោត ក៏បានកើនឡើងប្រហែល ៣០%»៕