បន្ទាប់ពីផ្ទុះរឿងអាស្រូវជាច្រើន នាយផ្នែកជលផលស្រុកបូទុមសាគរ ត្រូវបានដកឲ្យមកបម្រើការងារបណ្ដោះអាសន្ននៅខណ្ឌរដ្ឋបាលជល់ផលខេត្តវិញ

កោះកុង÷ លោកព្រំ សុវណ្ណា នាយផ្នែកជលផលស្រុកបូទុមសាគរ ត្រូវបានប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង ដកតួនាទីពីរនាយផ្នែកជលផលស្រុកបូទុមសាគរ ឱ្យមក បម្រើការងារ ជាបណ្ដោះអាសន្ន នៅខណ្ឌរដ្ឋបាលជលផលខេត្តកោះកុង បន្ទាប់ពីមានផ្ទុះរឿងអាស្រូវជាច្រើនពាក់ព័ន្ធទៅនឹងបទល្មើសនេសាទ។

ក្នុងលិខិតបង្គាប់ការ ស្ដីពីការសម្រួលភារកិច្ចជូនមន្ត្រីរាជការ ដែលចុះហត្ថ លេខា ដោយលោកអ៊ី ម៉េង លាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកោះកុង បានបញ្ជាក់ថា លោក ប៉ រ៉ានី បច្ចុប្បន្នជានាយរងផ្នែកជលផលស្រុកទមសាគរ បានឡើងកាន់តំណែងនេះជំនួស លោកព្រំ សុវណ្ណា បណ្ដុះអាសន្និសិន ។

សូមបញ្ជាក់ផងដែរថា ការដោះដូរនាយផ្នែកជលផលស្រុកបូទុមសាគរ បានធ្វើឡើង បន្ទាប់ពីមានការសំណូមពរពីប្រជាពលរដ្ឋក្នុងភូមិស្រែថ្មី ឃុំថ្មស ស្រុកបូទុមសាគរ ខេត្តកោះកុង បាននាំគ្នាប្រមូលផ្ដុំនៅមុខសាលាខេត្តកោះកុង ដើម្បីស្នើសុំឱ្យលោកជំទាវ មិថុនា ភូថងអភិបាល នៃគណៈអភិបាលខេត្តកោះកុង
ដកលោកប្រធានសហគមន៍ ឈ្មោះលោកតេង ហាន់ និងដកនាយផ្នែកជលផលឈ្មោះលោកព្រំ សុវណ្ណា ចេញពីតំណែង ព្រោះអ្នកទាំងពីរមិនបានបំពេញតួនាទីការងារជួយថែរក្សាការពារ និងបង្កើនធនធានជល់ផលសមុទ្រនោះទេ ដោយថែមទាំងបានបណ្ដែតបណ្ដោយឲ្យមានបទល្មើសនេសាទខុសច្បាប់ជាបន្តបន្ទាប់នៅក្នុងមូលដ្ឋានក្នុងឃុំថ្មស ដែលធ្វើឲ្យប៉ះពាល់ដល់ធនធានធម្មជាតិដែលច្បាប់ហាមឃាត់៕ ដោយ សេន ពិសិដ្ឋ