(កៀវ)៖ ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បានប្រកាសពីការចាកចេញពីមុខតំណែងនៃរដ្ឋមន្ត្រីការពារជាតិ លោក អូឡិចស៊ី រ៉េសនីកូវ (Oleksiy Reznikov) ជាមួយការអំពាវនាវឱ្យមានយុទ្ធសាស្ត្រថ្មី នៅក្នុងសង្រ្គាមឈ្លានពានរបស់រុស្ស៉ីអស់រយៈពេលជាងមួយឆ្នាំកន្លះមកនេះ។ នេះបើតាមការ ចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃចន្ទ ទី៤ ខែកញ្ញា ឆ្នាំ២០២៣។
ការប្រកាសខាងលើរបស់លោក ហ្សេលេនស្គី ធ្វើឡើងនៅក្នុងសុន្ទរកថាជាវីដេអូមួយទៅកាន់ប្រជាជាតិអ៊ុយក្រែន កាលពីយប់ថ្ងៃអាទិត្យ ទី៣ ខែកញ្ញា ដែលនេះ ជាការរុះរើធំបំផុតមួយនៅក្នុងក្រសួងការពារជាតិអ៊ុយក្រែន អំឡុងសង្រ្គាម។ លោក ហ្សេលេនស្គី បានបញ្ជាក់ដូច្នេះថា «ខ្ញុំបានសម្រេចចិត្តតែងតាំង រដ្ឋមន្ត្រីការពារជាតិថ្មីរបស់អ៊ុយក្រែន។ លោក អូឡិចស៊ី រ៉េសនីកូវ បានបំពេញភារកិច្ចអស់រយៈពេលច្រើនជាង ៥៥០ថ្ងៃហើយនៃសង្រ្គាម… ខ្ញុំជឿជាក់ថា ក្រសួងត្រូវការយុទ្ធសាស្ត្រថ្មី និងរចនាសម្ព័ន្ធអន្តរប្រតិកម្មដទៃទៀតទាំងខាងយោធា និងស៊ីវិល»។
បើតាមលោក ហ្សេលេនស្គី លោក រូសស្ទែម អ៊ូម៉េរ៉ូវ (Rustem Umerov) ជាប្រធានមូលនិធិទ្រព្យសម្បត្តិរដ្ឋ ត្រូវបានតែងតាំងឱ្យកាន់តំណែងជា រដ្ឋមន្ត្រីការពារជាតិថ្មីជំនួសលោក រ៉េសនីកូវ ប៉ុន្តែការតែងតាំងនេះនៅត្រូវការការអនុម័តយល់ព្រមពីសភាអ៊ុយក្រែន ជាមុនសិន៕