(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៣ នៅទីក្រុងសាម៉ារ៉ាង សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយរុស្ស៊ីលើកទី ១២ ។ កិច្ចប្រជុំ បានស្វាគមន៍វឌ្ឍនភាពនៃការអនុវត្តកម្មវិធីការងារពាណិជ្ជកម្ម និងវិនិយោគអាស៊ាន-រុស្ស៊ី ឆ្នាំ២០២២-២០២៣។
លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈស្តីពីកិច្ចសហប្រតិបត្តិការរួមដែលអាចធ្វើទៅបានក្នុងវិស័យយុទ្ធសាស្ត្រនានា ដូចជា ពាណិជ្ជកម្ម សេដ្ឋកិច្ចឌីជីថល ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយចីរភាព និងការបម្រែបម្រួលអាកាសធាតុ ក៏ដូចជា សេដ្ឋកិច្ចប្រកបដោយភាពច្នៃប្រឌិត ជាដើម ដើម្បីពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងរុស្ស៊ីបន្ថែមទៀត។
បន្ទាប់មក លោកបណ្ឌិត កៅ គឹមហួន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក ។ នៅក្នុងឱកាសនោះ លោកអគ្គលេខាធិការអាស៊ាន បានចែករំលែកទស្សនៈ ដើម្បីរិះរកវិធីពង្រឹងបន្ថែមទៀតនូវទំនាក់ទំនងសេដ្ឋកិច្ចរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
លោក អគ្គលេខាធិការអាស៊ាន បានជួបពិភាក្សាទ្វេភាគីជាមួយ លោកជំទាវ Katherine Tai តំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិក។ ភាគីទាំងពីរបានស្វាគមន៍វឌ្ឍនភាពនៃកិច្ចសហប្រតិបត្តិការរវាងអាស៊ាន និងសហរដ្ឋអាមេរិក និងបានឯកភាពធ្វើការយ៉ាងជិតស្និទ្ធរួមគ្នា ដើម្បីពង្រឹងទំនាក់ទំនងរវាងអាស៊ាន និងសហរដ្ឋអាមេរិក។
ក្រោយមកទៀត លោក អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយឥណ្ឌាលើកទី២០។ កិច្ចប្រជុំបានលើកទឹកចិត្តឱ្យមន្ត្រីពង្រឹងកិច្ចខិតខំប្រឹងប្រែងក្នុងការពិនិត្យឡើងវិញនូវកិច្ចព្រមព្រៀងពាណិជ្ជកម្មទំនិញអាស៊ាន-ឥណ្ឌា (AITIGA)។ កិច្ចប្រជុំក៏មានកិច្ចសន្ទនាជាមួយក្រុមប្រឹក្សាធុរកិច្ចអាស៊ាន-ឥណ្ឌា ផងដែរ។
លោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញចូលរួមក្នុងកិច្ចពិគ្រោះយោបល់រវាងរដ្ឋមន្ត្រីសេដ្ឋកិច្ចអាស៊ាន ជាមួយក្រសួងពាណិជ្ជកម្មចិន។ កិច្ចប្រជុំបានលើកទឹកចិត្តឱ្យមន្ត្រីពង្រឹងការចរចាដើម្បីបញ្ចប់ការចរចាលើកកម្ពស់ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន ឱ្យបានឆាប់ ស្របជាមួយពេលវេលាដែលបានឯកភាពគ្នា ។
នៅរសៀល ថ្ងៃដដែល ភាគីតំបន់ពាណិជ្ជកម្មសេរីអាស៊ាន-អូស្ត្រាលី-នូវែលសេឡង់ (AANZFTA) បានចុះហត្ថលេខាលើពិធីសារទី ២ ដើម្បីធ្វើវិសោធនកម្មកិច្ចព្រមព្រៀងបង្កើត AANZFTA ហើយលោកអគ្គលេខាធិការអាស៊ាន ក៏មានវត្តមាននៅក្នុងពិធីចុះហត្ថលេខានោះដែរ។ ការកែលម្អ AANZFTA នេះ គឺជាព្រឹត្តិការណ៍ដ៏មានសារៈសំខាន់ ដើម្បីធានាថា កិច្ចព្រមព្រៀងនេះ នៅតែមានគុណភាពខ្ពស់ ឆ្លើយតបទៅនឹងការប្រឈមកំពុងលេចឡើងនានា ។
លោកអគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីសេដ្ឋកិច្ច នៃកិច្ចប្រជុំកំពូលអាស៊ីបូព៌ា លើកទី ១១។ កិច្ចប្រជុំបានសង្កាត់ពីសារៈសំខាន់នៃការពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមប្រទេសចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាទាំងអស់ ដើម្បីពង្រឹងភាពធន់ផ្នែកសេដ្ឋកិច្ច នៅក្នុងតំបន់។
អគ្គលេខាធិការអាស៊ាន បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រី នៃភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) លើកទី ២។ កិច្ចប្រជុំបានពិភាក្សាអំពីការអនុវត្តកិច្ចព្រមព្រៀង RCEP និងបានស្វាគមន៍វឌ្ឍនភាពក្នុងការបង្កើតអង្គភាពជំនួយ RCEP ។ សូមបញ្ជាក់ថា កិច្ចព្រមព្រៀង RCEP គឺជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដឹកនាំដោយអាស៊ាន ដែលបច្ចុប្បន្នជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរី ដែលធំជាងគេបង្អស់នៅក្នុងពិភពលោក៕