(កៀវ)៖ តាមការចេញ ផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣ ប្រាប់អោយដឹងថា អ៊ុយក្រែន នៅថ្ងៃពុធសប្ដាហ៍នេះបានប្រកាសពីការវាយ ដណ្ដើមបានភូមិ អ៊ូរ៉ូហ្សែន (Urozhaine) ពីទាហានរុស្ស៉ីមកវិញ ក្នុងតំបន់ភាគអាគ្នេយ៍ នៃប្រទេស ប៉ុន្តែបានព្រមានថាស្ថានការណ៍ក្នុងតំបន់ភាគឦសានមានសភាពយ៉ាប់យ៉ីន នៅចំពោះមុខការវាយ បកពីទាហានរុស្ស៉ី។
ភូមិអ៊ូរ៉ូហ្សែន (Urozhaine) ស្ថិតនៅក្នុងតំបន់ដូណេត គឺជាភូមិទីមួយហើយដែលទាហានអ៊ុយក្រែន វាយដណ្ដើមបានពីទាហានរុស្ស៉ី ចាប់តាំងពីថ្ងៃទី២៧ ខែកក្កដាមក។ ថ្លែងនៅលើសារមួយបង្ហោះលើ Telegram អនុរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោកស្រី Hanna Maliar បានគូសបញ្ជាក់ដូច្នេះ ថា «ភូមិ អ៊ូរ៉ូហ្សែន (Urozhaine) ត្រូវបានរំដោះ…អ្នកការពារជាតិរបស់យើងកំពុងពង្រឹងតំបន់ឈរ ជើងនៅតាមជាយៗក្រុង»។ ប៉ុន្តែ ក្រសួងការពារជាតិរុស្ស៉ី មិន ទាន់បានទទួលស្គាល់ពីការបាត់បង់ ភូមិមួយនេះនៅឡើយទេ៕