ឥណ្ឌូណេស៊ី ប្តឹងសហភាពអឺរ៉ុប ទៅកាន់អង្គការពាណិជ្ជកម្មពិភពលោក ករណីជម្លោះជីវឥន្ធនៈ


 (ហ្សាការតា)៖  យោងតាមទីភ្នាក់ងារព័ត៌មានរ៉យទ័រ បានអោយដឹងថា អង្គការពាណិជ្ជកម្មពិភព លោក (WTO) បានឱ្យដឹងនៅថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ី បានស្នើសុំការពិគ្រោះយោបល់អំពី ជម្លោះមកកាន់ខ្លួន ក្នុងករណីជម្លោះជាមួយសហភាពអឺរ៉ុប ពាក់ព័ន្ធនឹងការដកហូតពន្ធរបស់អឺរ៉ុប លើការនាំចូលជីវៈឥន្ធនៈ ពីប្រទេសអាស៊ីអាគ្នេយ៍មួយនេះ។

សហភាពអឺរ៉ុបគឺជាទីផ្សារធំទី៣ របស់ឥណ្ឌូនេស៊ីសម្រាប់ផលិតផលប្រេងដូង និងជាទីផ្សារដ៏សំខាន់ មួយសម្រាប់ជីវៈឥន្ធនៈរបស់ខ្លួន ដែលជាផលិតផលផលិតចេញពីប្រេងដូង។ ឥណ្ឌូណេស៊ីជាប្រទេសផលិតប្រេងដូងធំជាងគេ ក្នុងពិភពលោក។

ទីភ្នាក់ងារព័ត៌មានរ៉យទ័របានរាយការណ៍ថា សំណើនេះត្រូវបានបញ្ជូនទៅកាន់សមាជិករបស់អង្គការ WTO កាលពីថ្ងៃទី១៥ ខែសីហា ដោយឥណ្ឌូណេស៊ីបានលើកឡើងថា ពន្ធប្រឆាំងការឧបត្ថម្ភធន របស់សហភាពអឺរ៉ុប និងការស៊ើបអង្កេតដែលនាំទៅដល់ការដកហូតពន្ធនេះ មិនស្របនឹងបទប្បញ្ញត្តិ របស់អង្គការ WTO ទេ។

លោក Djatmiko Bris Witjaksono អគ្គនាយកកិច្ចសហប្រតិបត្តិការពាណិជ្ជកម្មអន្តរជាតិ នៃ ក្រសួងពាណិជ្ជកម្មឥណ្ឌូណេស៊ីបានឱ្យដឹងថា សហភាពអឺរ៉ុបបានដកហូតពន្ធប្រឆាំងការឧបត្ថម្ភធន ចន្លោះពី ៨ ទៅ ១៨ភាគរយសម្រាប់ជីវឥន្ធនៈរបស់ឥណ្ឌូណេស៊ីគិតចាប់តាំងពីឆ្នាំ ២០១៩មក។

លោក Djatmiko បានថ្លែងកាលពីថ្ងៃពុធថា៖ «ការដកហូតពន្ធនាំចូលនេះបានបង្កឱ្យមានការខូចខាត យ៉ាងធ្ងន់ធ្ងរដល់ឧស្សាហកម្មឥណ្ឌូណេស៊ី ជាពិសេសនៅពេលដែលសេដ្ឋកិច្ចពិភពលោកទើបតែចាប់ ផ្តើមស្ទុះងើបឡើងវិញពីជំងឺរាតត្បាតកូវីដ-១៩»

ស្ថិតក្រោមច្បាប់របស់អង្គការ WTO ពន្ធប្រឆាំងការឧបត្ថម្ភធនត្រូវបានដកហូតដោយមាន គោលដៅ ធ្វើឱ្យមានអព្យាក្រឹត្យភាព ឬក៏បន្សាបឥទ្ធិពលអវិជ្ជមានដែលបង្ករឡើងដោយសារការឧបត្ថម្ភធន។

យោងតាមការិយាល័យស្ថិតិឥណ្ឌូណេស៊ី ការនាំចេញជីវឥន្ធនៈសរុបរបស់ប្រទេសឥណ្ឌូណេស៊ី បានធ្លាក់ចុះ ២៨ភាគរយក្នុងឆ្នាំ២០១៩ ធៀបនឹងឆ្នាំ២០១៨ មកនៅត្រឹម ១,២លានតោន ហើយ សហភាពអឺរ៉ុបមានចំណែកប្រហែល៥២ភាគរយនៃការនាំចេញជីវឥន្ធនៈរបស់ឥណ្ឌណេស៊ីនៅឆ្នាំ២០១៨ និង ៤៥ភាគរយនៅឆ្នាំ២០១៩។

ការនាំចេញជីវឥន្ធនៈនៅឆ្នាំ២០២២ មានចំនួន ៤៣៥ ៨២៧តោន ក្នុងនោះ ២២,៤៧ ភាគរយនាំ ចេញទៅកាន់សហភាពអឺរ៉ុប៕