ប្រតិភូសភាពាណិជ្ជកម្មថៃ ទស្សនកិច្ចនៅកម្ពុជា ស្វែងរកឱកាសវិនិយោគ


 (ភ្នំពេញ)៖ ប្រតិភូសភាពាណិជ្ជកម្មរបស់ថៃមួយក្រុម បាននិងកំពុងបំពេញ​ទស្សនកិច្ចនៅកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគ។ ក្នុងដំណើរទស្សនកិច្ចដ៏មាន​សារៈ​សំខាន់ គណៈប្រតិភូបានចូលជួប សម្តែងការគួរសម និងទទួលយកនូវ​ព័ត៌មាន​​នានាពីឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីពាណិជ្ជកម្មផង ដែរ។ ក្នុងជំនួបនៅទីស្តីការក្រសួងពាណិជ្ជកម្ម នាថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៣ ឯកឧត្តម ប៉ាន សូរស័ក្តិ បានសម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ​ជូនចំពោះគណៈសភា​ពាណិជ្ជកម្មថៃ ដែលបានមក កាន់កម្ពុជា និងជាពិសេសមកកាន់ក្រសួងពាណិជ្ជកម្មនាពេលនេះ។

ឯកឧត្តម រដ្ឋមន្ត្រី បានបន្តថា កម្ពុជាទទួលបានកំណើនសេដ្ឋកិច្ចដ៏រឹងមាំក្នុង​រយៈ​ពេលប៉ុន្មាន​ឆ្នាំចុង ក្រោយនេះ ហើយបានលេចចេញជាសេដ្ឋកិច្ចរីកចម្រើនខ្ពស់ ដោយបានទាក់ទាញអ្នកវិនិយោគ យ៉ាងច្រើនពីជុំវិញពិភពលោក ជាពិសេស​ប្រទេស​ចិន ជប៉ុន កូរ៉េ សហរដ្ឋអាមេរិក ចក្រភពអង់គ្លេស រដ្ឋសមាជិកអាស៊ាន និងប្រទេសថៃជាដើម។

ឯកឧត្តម ប៉ាន សូរស័ក្តិ ប្រកាសស្វាគមន៍គណៈប្រតិភូសភាពាណិជ្ជកម្មថៃ ដែល​មក​ស្វែងយល់ពី ឱកាសអាជីវកម្មនៅកម្ពុជា។ ឯកឧត្តម រដ្ឋមន្ត្រី ចាត់ទុក​ជំនួបនេះ នឹងផ្តល់​ឱ្យនូវឱកាសដ៏ល្អមួយ​ដើម្បី ផ្លាស់ប្តូរទស្សនៈស្តីពីអាជីវកម្ម និងឱកាសវិនិយោគដែលផ្តល់ផលប្រយោជន៍ទៅវិញទៅមក ដើម្បី លើកកម្ពស់ពាណិជ្ជកម្ម និងការវិនិយោគរវាងប្រទេសទាំងពីរ។

លោក Voratat Tantimongkolsuk តំណាងសភាពាណិជ្ជកម្មរបស់ថៃ បានជម្រាបឯកឧត្តម រដ្ឋមន្ត្រី ពាណិជ្ជកម្មថា ដំណើរទស្សនកិច្ចរបស់​គណៈប្រតិ​ភូ​សភាពាណិជ្ជកម្មថៃមកកាន់កម្ពុជានាពេលនេះ ដើម្បីសិក្សាស្វែងយល់បន្ថែមទៀតពីសក្តានុពលពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម នៅកម្ពុជា។

លោកបានបន្តថា កាលពីឆ្នាំ២០២២ សភាពាណិជ្ជកម្មថៃបានដឹកនាំ​គណៈ​ប្រតិ​ភូមកកាន់កម្ពុជា ម្តងរួចមកហើយ បន្ថែមពីលើនោះកាលពីដើមឆ្នាំ២០២៣នេះ ឯកឧត្តម រដ្ឋមន្ត្រី បានដឹកនាំគណៈ ប្រតិភូក្រសួងពាណិជ្ជកម្មកម្ពុជា​ទៅចូលរួម​សិក្ខា​សាលាស្តីពីឱកាសពាណិជ្ជកម្ម និងវិនិយោគនៅ កម្ពុជា នៅទីក្រុងបាងកក ដែលមានវាគ្មិនមកពីក្រសួងពាណិជ្ជកម្មកម្ពុជា និងក្រុមប្រឹក្សាអភិវឌ្ឍន៍​កម្ពុជា​ផងដែរ។

លោក Voratat Tantimongk បន្ថែមថា ទស្សនកិច្ចលើកនេះ គណៈប្រតិភូនឹង​មាន​ដំណើរទស្សន កិច្ចទៅកាន់តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ ខេត្តកោះកុង និងខេត្តព្រះសីហនុ ដើម្បីសិក្សាស្វែងយល់ ពីឱកាសធ្វើពាណិជ្ជកម្ម វិនិយោគ និងស្វែងរកដៃគូអាជីវកម្ម។ លើសពីនេះ ក្រុមប្រឹក្សាវិនិយោគថៃ ក៏បាននិងកំពុង​ធ្វើកិច្ចសហប្រតិបត្តិការល្អជាមួយក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាដើម្បីជួយ និងជំរុញ វិស័យ​វិនិយោគរវាងប្រទេសទាំងពីរផងដែរ។

ថ្លែងក្នុងជំនួបពិភាក្សាការងារនោះដែរ ឯកឧត្តម រដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ បានលើកឡើងថា កម្ពុជា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង​ពាណិជ្ជកម្មសេរីទ្វេភាគីជាមួយប្រទេសចិន សាធារណរដ្ឋកូរ៉េ និងអារ៉ាប់រួម។ នេះបង្ហាញពីកាលានុវត្តភាព វិនិយោគដ៏មានសក្តានុពលសម្រាប់ធុរជនថៃ មក បណ្តាក់ទុនក្នុងប្រទេសកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ពីការ​អនុគ្រោះពន្ធដែលផ្តល់ដោយកិច្ច ព្រមព្រៀងទាំងនោះ។

ឯកឧត្តម រដ្ឋមន្ត្រី បន្តថា ប្រទេសកម្ពុជាផ្តល់ឱកាសកំណើន​រយៈពេលវែងនៅ​ទូទាំង​វិស័យជាច្រើន ហើយមានទីតាំងល្អជាមជ្ឈមណ្ឌលសក្តានុពលសម្រាប់អាជីវកម្ម និងការវិនិយោគនៅក្នុងតំបន់ ដោយពិចារណាលើកត្តាសំខាន់ៗ​មួយចំនួន​ដូចជា​ទីតាំងយុទ្ធសាស្ត្រ កម្លាំងពលកម្មវ័យក្មេង និង ថាមពល ការទទួលបាន​ទីផ្សារ​ដ៏ធំ​តាមរយៈ GSP ក៏ដូចជាកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ផងដែរ។

ឯកឧត្តម រដ្ឋមន្ត្រី បានលើកឡើងផងដែរថា កម្ពុជាត្រៀមខ្លួនរួចជាស្រេចក្នុង​ការ​ស្វា​គមន៍ធុរជនថៃ មកធ្វើការបណ្តាក់ទុននៅកម្ពុជា ដើម្បីផលប្រយោជន៍ទៅវិញ​ទៅ​មក។ ជាថ្មីម្តងទៀត កម្ពុជាប្តេជ្ញា ចិត្តក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត​នូវទំនាក់​ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់ វិស័យរវាងប្រទេសទាំងពីរ។

គួរបញ្ជាក់ថាទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ នៅឆ្នាំ២០២២ មានទំហំទឹក​ប្រាក់​ជាង ៤.៦ ពាន់លានដុល្លារអាមេរិក ដែលក្នុងនោះកម្ពុជានាំចេញទៅថៃ​មាន​ទំហំទឹកប្រាក់ជាង ៤០៩លាន ដុល្លារអាមេរិក និងថៃនាំចេញ មកកម្ពុជាវិញមានទំហំទឹកប្រាក់ ៣,៨៣២លានដុល្លារអាមេរិក។

សម្រាប់រយៈពេល៦ខែឆ្នាំ២០២៣នេះ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា-ថៃ មានទំហំទឹកប្រាក់ ជាង ១.៩ពាន់លានដុល្លារអាមេរិក៕