(ភ្នំពេញ)៖ លោក ចូកូ វីដូដូ ប្រធានាធិបតីឥណ្ឌូនេស៊ី បានគូសបញ្ជាក់ថា រូបលោកទន្ទឹងរង់ចាំ ដោយក្តីសោមនស្សរីករាយ បំពេញការងារនានាជាមួយឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីរបស់កម្ពុជាក្នុងអាណត្តិថ្មី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំ កំពូលពាក់ព័ន្ធដែលធ្វើឡើងនៅប្រទេសឥណ្ឌូនេស៊ី។
លោក ចូកូ វីដូដូ បានគូសបញ្ជាក់ថា ក្នុងជំនួបពិភាក្សាការងារជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា តាមប្រព័ន្ធទូរស័ព្ទនៅរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៣នេះ។
បើតាមលោក អ៊ាង សុផល្លែត ជំនួយការផ្ទាល់របស់សម្តេចតេជោ ហ៊ុន សែន បានឱ្យដឹងថា នៅក្នុង ជំនួបតាមទូរស័ព្ទនេះ លោកប្រធានាធិបតីឥណ្ឌូនេស៊ី ក៏បានសម្តែងការអបអរសាទរយ៉ាងក្រៃលែង ជូនសម្តេចតេជោ ដែលទទួលបានជោគជ័យលើការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ កាលពី ថ្ងៃទី២៣ ខែកក្កដា កន្លងទៅនេះ។ លោកប្រធានាធិបតី បានបង្ហាញការកត់សម្គាល់ថា ការបោះ ឆ្នោតនេះ បានប្រព្រឹត្តទៅដោយសេរី យុត្តិធម៌ ប្រកបដោយសន្តិសុខសណ្តាប់ធ្នាប់ល្អ និងគ្មានអំពើ ហិង្សា។ សូមបញ្ជាក់ថា នៅឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី ជាប្រធានរបស់អាស៊ាន។ នៅចុងឆ្នាំ២០២៣នេះ ប្រទេសឥណ្ឌូនេស៊ី នឹងរៀបចំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ ព័ន្ធតាមទម្លាប់របស់អាស៊ាន។ ក្នុងកិច្ចប្រជុំកំពូលនោះ ឯកឧត្តមកិត្តិទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីថ្មីរបស់កម្ពុជា នឹងដឹកនាំគណៈប្រតិភូទៅចូលរួមកិច្ចប្រជុំកំពូលដ៏ មានសារៈសំខាន់មួយនេះ៕