NEA រៀបចំសិក្ខាសាលាស្ដីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា ដល់សិស្សានុ សិស្សសាលារៀន AIS ជាង១ពាន់នាក់


 (ភ្នំពេញ)៖ ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៣នេះ បានសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យ ការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសាលារៀន AIS រៀបចំសិក្ខាសាលាស្តីពីការរៀបចំផែន ការអាជីព និងជ្រើសរើសជំនាញសិក្ស ដល់សិស្សថ្នាក់ទី១២ចំនួនជាង១ពាន់នាក់ ដែលកំពុងសិក្សា គ្រប់បណ្ដាសាខារាជធានី-ខេត្តនៃសាលា AIS។

ថ្លែងក្នុងពិធីបើកសិក្ខាសាលានាព្រឹកមិញនេះ លោកស្រី រស់ យ៉ាងណា ប្រធាននៃសាលារៀន AIS បានលើកឡើងថា លោកស្រីជឿជាក់ថា កម្មវិធីនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការចូលរួម តម្រង់ទិសដល់សិស្សានុសិស្សថ្នាក់មធ្យមសិក្សាទុតិយភូមិ ឲ្យមានការសម្រេចចិត្តច្បាស់លាស់ មុននឹងចាប់យកជំនាញសិក្សានៅថ្នាក់ឧត្តមសិក្សា ឬការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជា ជីវៈ។ លោកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ជាតិមុខរបរ និងការងារ ក៏បានលើកឡើងក្នុង អង្គពិធីថាសិក្ខាសាលាដ៏មានសារៈសំខាន់នាថ្ងៃនេះមានគោលបំណងផ្តល់ជូនសិស្សានុសិស្សថ្នាក់ទី១២ នូវព័ត៌មានគន្លឹះ ការណែនាំ និងទស្សនាទានក្នុងការជ្រើសរើសជំនាញសិក្សា ដែលស័ក្តិសមនឹង ចំណូលចិត្ត ជំនាញ គុណតម្លៃ និងបុគ្គលិកលក្ខណៈរបស់ខ្លួន និងបញ្ជ្រាបព័ត៌មានទីផ្សារការងារ សំដៅលើព័ត៌មានស្ដីពីតម្រូវការជំនាញពីសំណាក់និយោជក ដែលជាធាតុចូលសំខាន់ជួយដល់ការ រៀបចំផែនការសិក្សា និងកំណត់គោលដៅការងារច្បាស់លាស់ ដែលឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារនាពេលបច្ចុប្បន្ន និងពេលអនាគត។

បន្ថែមលើនេះ លោកស្រីលើកទឹកចិត្តដល់សិស្សានុសិស្សត្រូវបំប៉នជំនាញសតវត្សទី២១ ដើម្បី បង្កើនភាពប្រកួតប្រជែង រក្សាការងារ និងជំរុញដំណើរការអាជីពឲ្យសម្រេចជោគជ័យកាន់តែប្រសើរ ដែលជំនាញទាំងនោះរួមមាន ជំនាញក្នុងការរៀនដើម្បីបន្តរៀន និងការបង្កើតថ្មី ជំនាញក្នុងការប្រើ ប្រាស់បច្ចេកវិទ្យាឌីជីថល និងជំនាញសម្រាប់ការរស់នៅ និងអាជីព។

គួរបញ្ជាក់ថា ការរៀបចំសិក្ខាសាលាស្តីពីការរៀបចំផែនការអាជីព និងជ្រើសរើសជំនាញសិក្សា គឺជាយន្តការមួយរបស់រាជរដ្ឋាភិបាលដែលជួយគាំទ្រ និងលើកកម្ពស់យុវជនក្នុងការជ្រើសរើស ជំនាញសិក្សាបន្ត និងត្រូវបានរៀបចំឡើងជាប្រចាំ ដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ នៅតាម គ្រឹះស្ថាន សិក្សា អប់រំ បណ្តុះបណ្តាល ទាំងរដ្ឋ និងឯកជននៅទូទាំងប្រទេសជូនដល់សិស្សានុ សិស្ស។ ប្រសិនសិស្សានុសិស្សដទៃទៀតដែលមិនទាន់បានចូលរួមសិក្ខាសាលានេះ ហើយចង់ស្វែង យល់បន្ថែម សូមទាក់ទងមកកាន់មជ្ឈមណ្ឌលការងាររបស់ NEA តាមរយៈ 016 78 66 55 ដើម្បី ទទួលបានសេវាប្រឹក្សាយោបល់អំពីអាជីព ការងារ និងវិជ្ជាជីវៈឥតគិតកម្រៃ៕