(ពោធិ៍សាត់)៖ ឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី អគ្គនាយកអគ្គិសនីកម្ពុជា និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរ និងស្រុកកណ្តៀង និងឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៣ បានអញ្ជើញជួបសំណេះ សំណាល និងថ្លែងអំណរគុណ ដល់បងប្អូនប្រជាពលរដ្ឋ ឃុំស្រែស្តុក ស្រុកកណ្តៀង និងប្រជាពល រដ្ឋឃុំស្នាអន្សា ស្រុកក្រគរ ជិត៧ពាន់នាក់ ក្នុងឱកាសដែលឃុំ ទាំង២នេះ ទទួលបានលទ្ធផល ដ៏ត្រចះត្រចង់ នៃការបោះឆ្នោត ជ្រើសតាំងតំណាងរាស្ត្រ នីតិកា៧ នៃរដ្ឋសភា ឆ្នាំ២០២៣។
លោក ឆាយ គឹមម៉ុង អភិបាលស្រុកកណ្តៀង បានឲ្យដឹងថា ស្រុកកណ្តៀង មាន៩ឃុំ ស្មើនឹង១១២ ភូមិ ប្រជាពលរដ្ឋចំនួន ៧០.៦០៩នាក់ ស្រីចំនួន៣៦.៤៣៦នាក់ មាន១៨.៩១៤គ្រួសារ។ ប្រជាពលរដ្ឋមានអាយុ១៨ឆ្នាំឡើងទៅ ចំនួន៤៧.៩៦៧នាក់ ស្រីចំនួន២៥.៣៩០នាក់ ក្នុងនោះ ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ចំនួន៤៣.៣៨៩នាក់ និងមាន១១៩ ការិយាល័យបោះឆ្នោត។ ក្នុងកិច្ចដំណើរការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧កាល ពីពេលថ្មីនេះឃើញថា ប្រជាពលរដ្ឋបានទៅបោះឆ្នោតចំនួន៣៩.៣១៣នាក់ ស្មើនឹង៩០,៦១% ក្នុងនោះសម្លេងគាំទ្រគណបក្សប្រជាជនកម្ពុជា មានចំនួន៣៧.១១៩សំឡេងស្មើនឹង៩៦,១៣%។ ដោយឡែកឃុំស្រែស្តុក ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ចំនួន៧.៤៨០នាក់ ក្នុងនោះ បានទៅបោះឆ្នោត ចំនួន៦.៦១១នាក់ ស្មើនឹង៨៨,៣៨% សំឡេងគាំទ្រគណបក្សប្រជាជនកម្ពុជា ចំនួន៦.៤៦០សំឡេងស្មើនឹង៩៩,០២% ជាឃុំជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស។
បន្ថែមពីនោះ លោក លីវ សេងហ៊ីម អភិបាលស្រុកក្រគរ បានឲ្យដឹងថា ស្រុកក្រគរ មាន១១ឃុំ មាន១៥៥ការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២២ ចំនួន ៦៧.០៦៦នាក់ ក្នុងនោះបានទៅបោះឆ្នោតចំនួន៥៦.០៣៦នាក់ ស្មើនឹង៨៩,៩១% សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជា ចំនួន៥៥.៦២៣សំឡេង ស្មើនឹង ៩៤,១៤% ជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្ត។ ក្នុងនោះដែរ ឃុំស្នាអន្សាមាន១១ការិយាល័យបោះឆ្នោត ប្រជាពលរដ្ឋមានឈ្មោះក្នុង បញ្ជីបោះឆ្នោត ចំនួន៤.៣២២នាក់ ក្នុងនោះបានទៅបោះឆ្នោតចំនួន៤.២០១នាក់ សំឡេងគាំទ្រ គណបក្សប្រជាជនកម្ពុជាចំនួន៤.០១១សំឡេង ស្មើនឹង ៩៧,២៩% ជាប់ចំណាត់ថ្នាក់ លេខ១ ទូទាំងខេត្ត។
ឯកឧត្តម ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ និងឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋ មន្ត្រីអគ្គនាយកអគ្គិសនីកម្ពុជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានស្រុកក្រគរបនិងស្រុកកណ្តៀង បានថ្លែងថា ការចុះជួបសំណេះសំណាលនេះ គឺដើម្បីសម្តែងនូវការគោរពដឹងគុណ និងអរ គុណយ៉ាងវិសេសវិសាល ដល់លោកតា លោកយាយ ពូ មីង បងប្អូន ប្រជាពលរដ្ឋទូទាំងខេត្ត ពោធិ៍សាត់ ជាពិសេសឃុំស្រែស្តុក ស្រុកកណ្តៀង ដែលមានលោក អេង គន្ធា ជាប្រធានក្រុមការងារ បានជាប់ចំណាត់ថ្នាក់លេខ១ទូទាំងប្រទេស និងឃុំស្នាអន្សា ស្រុកក្រគរ ដែលមានលោក ប្រាង្គ ជលសា ជាប្រធានក្រុមការងារ ក៏បានជាប់ចំណាត់ថ្នាក់លេខ២ ទូទាំងខេត្តពោធិ៍សាត់ ដែលបាន បោះឆ្នោតគាំទ្រគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងអាណត្តិទី៧ បន្តដឹកនាំ និងអភិវឌ្ឍ។
ថ្នាក់ដឹកនាំទាំង២ បន្ថែមថា ដើម្បីជាកិច្ចតបស្នងសងគុណ ដល់ប្រជាពលរដ្ឋដែលជាម្ចាស់ឆ្នោត ក្នុងឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំស្នាអន្សា ស្រុកក្រគរ តែងតែមានជំនឿទុកចិត្តយ៉ាងមុតមាំ មកលើការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា ដែលមានសំឡេងគាំទ្រច្រើនលើសលុប ដើម្បីឲ្យ គណបក្សប្រជាជនកម្ពុជា មានពេលវេលា និងឱកាសបន្តការដឹកនាំ និងអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យ មានការរីកចម្រើន និងបន្តថែរក្សានូវសុខសន្តិភាព ស្ថេរភាពសម្រាប់ការរស់នៅប្រកបដោយសុខ សុវត្ថិភាព ដូចពេលនេះ និងទៅថ្ងៃអនាគត។
ក្នុងនាមថ្នាក់ដឹកនាំរដ្ឋបាលខេត្ត និងក្រុមការងារគណបក្សប្រជាជនកម្ពុជា លោកបានប្តេជ្ញាចិត្ត យ៉ាងមោះមុត នៅចំពោះមុខបងប្អូនប្រជាពលរដ្ឋថា នឹងខិតខំប្រឹងប្រែងយកអស់នូវកម្លាំងកាយចិត្ត ធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋ រស់នៅមានភាពសុខសាន្ត ជីវភាពធូរធា ពិសេសកសាងនូវហេដ្ឋារចនា សម្ព័ន្ធដែលជាតម្រូវការចាំបាច់នៅក្នុងមូលដ្ឋាន។
ថ្នាក់ដឹកនាំទាំង២ ក៏បានបញ្ជាក់យ៉ាងច្បាស់ថា សម្រាប់ឃុំស្រែស្តុក ស្រុកកណ្តៀង និងឃុំស្នាអន្សា ស្រុកក្រគរ ក៏ដូចទូទាំងខេត្តពោធិ៍សាត់ មិនយូរនោះទេយើងនឹងទទួលបានចំណងដៃដ៏ពិសេស ពីប្រមុខរាជរដ្ឋាភិបាលជាច្រើន ពេលនោះឃុំ ស្រុក ខេត្តរបស់យើង កាន់តែប្រែមុខប្រែមាត់ និងមាន ភាពល្បីទូទាំងប្រទេស ជាក់ជាមិនខានឡើយ។
នៅក្នុងឱកាសជួបសំណេះសំណាលនោះ ក្រុមការងារបានចែកជូនវត្ថុកំដរដៃ ដល់ប្រជាពលរដ្ឋ ឃុំស្រែស្តុក ជិត៥០០០នាក់ និងឃុំស្នាអន្សា ជិត២០០០នាក់ ក្នុងម្នាក់ៗទទួលបានអង្ករ២០ គីឡូក្រាម មី១កេស និងទឹកត្រី ទឹកស៊ីអ៊ីវ១យួរផងដែរ៕