(កៀវ)៖ ក្រុមមន្ត្រីអ៊ុយក្រែន នៅព្រឹកថ្ងៃពុធនេះបាននិយាយថាយន្ដហោះដ្រូនរបស់រុស្ស៉ី ច្រើនជាង១០គ្រឿង ត្រូវបានបាញ់ទម្លាក់ អំឡុងការវាយប្រហារ កាលពីយប់ថ្ងៃអង្គារ លើទីក្រុងកៀវ។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី២ ខែសីហា ឆ្នាំ២០២៣។
លោក Sergiy Popko ប្រធានរដ្ឋបាលយោធាទីក្រុងកៀវ បានគូសបញ្ជាក់ដូច្នេះថា «យន្ដហោះដ្រូនមួយក្រុម បានហោះចូលទីក្រុងកៀវព្រមៗគ្នា ចេញពីទិសដៅជាច្រើន។ ក៏ប៉ុន្តែ គោលដៅទាំងអស់នៅលើអាកាស ពោលគឺយន្ដហោះដ្រូនច្រើនជាង ១០គ្រឿង ត្រូវបានចាប់សញ្ញា និងបាញ់កម្ទេចក្នុងពេល នោះ ដោយកងកម្លាំង និងប្រព័ន្ធការពារដែនអាកាស»។ លោក Popko បន្ថែមថារុស្ស៉ីបានប្រើប្រាស់យន្ដហោះដ្រូនឈ្មោះ Shahed ផលិតដោយអ៉ីរ៉ង់ នៅក្នុងការវាយប្រហារនេះ៕