(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានផ្ញើសារជូន លោក ដានីញ៉ែល អ័រតេហ្គា សាអាវេដ្រា ប្រធានាធិបតី និងលោកស្រី រ៉ូសារ៉ីយូ មូរីយ៉ូ អនុប្រធានាធិបតី នៃសាធារណរដ្ឋនីការ៉ាហ្គា ចំពោះការផ្ញើសារអបអរសាទរ និងជូនពរសម្តេច ក្នុងឱកាសទទួលបានជោគជ័យ ក្នុងការបោះឆ្នោតជាតិជ្រើសតាំងតំណាងរាស្រ្ត អាណត្តិទី៧ កាលថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងទៅនេះ។
តាមរយៈសារលិខិតដែលទទួលបាន សម្តេចតេជោ ហ៊ុន សែន បានលើកឡើងដូច្នេះថា៖ «ខ្ញុំសូមថ្លែងអំណរគុណយ៉ាងស្មោះអស់ពីដួងចិត្តចំពោះសារលិខិតអបអរសាទររបស់ ឯកឧត្តម និងលោកជំទាវ ក្នុងឱកាសដែលគណបក្សប្រជាជនកម្ពុជាទទួលជ័យជម្នះលើការបោះឆ្នោតជាតិកម្ពុជា ២០២៣ ដែលបានប្រព្រឹត្តទៅ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ កន្លងមកនេះ»។
សម្តេចបានបន្តថា៖«ការបោះឆ្នោតជ្រើសរើសសមាជិករដ្ឋសភា នៃនីតិកាលទី៧ ដោយមានចំនួនអ្នកចូលរួមបោះឆ្នោតខ្ពស់បំផុតជាងឆ្នាំកន្លងទៅ គឺជាការបង្ហាញយ៉ាងច្បាស់នូវភាពរស់រវើកនៃប្រជាធិបតេយ្យរបស់ កម្ពុជា និងឆ្លុះបញ្ចាំងពីការជឿទុកចិត្តរបស់ប្រជាពលរដ្ឋក្នុងដំណើរការបោះឆ្នោត»។
សម្តេចសូមគាំទ្រអស់ពីដួងចិត្ត និងសូមឱ្យប្រទេសយើងទាំងពីរកាន់តែមានការអភិវឌ្ឍន៍ជាបន្ត និង វិបុលភាព ទទួលបាននូវសុខសន្តិភាព និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រជាជនយើង ទាំងពីរ៕
ខាងក្រោមនេះជាសារលិខិតរបស់សម្តេចតេជោ ហ៊ុន សែន៖