(ត្បូងឃ្មុំ)៖ ឯកឧត្តម ឌិត ទីណា អនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះមូលដ្ឋានស្រុកតំបែរ និងជា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានចូលរួមពិធីសំណេះសំណាលជាមួយក្រុម ការងារគណបក្សឃុំចំនួន៣៩១នាក់ មកពីឃុំគោកស្រុក ឃុំតំបែរ និងឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ។
ក្នុងពិធីសំណេះសំណាលនាថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣នោះ ឯកឧត្តម ឌិត ទីណា បានសម្តែង នូវការកោតសរសើរសកម្មជនគណបក្សប្រជាជនឃុំ ដែលបានខិតខំអស់ពីកម្លាំងកាយចិត្តលើ ការងារបក្សក្នុងមូលដ្ឋានរបស់ខ្លួន និងមានភាពរឹងមាំ ហើយបន្តត្រូវជឿជាក់ និងមានភាពស្មោះត្រង់ បោះឆ្នោតជូនបក្ស។
ទន្ទឹមនឹងនេះដែរ សកម្មជនបក្សចាំបាច់ត្រូវធ្វើការពង្រឹងការងារគ្រប់គ្រងតួលេខឱ្យបានត្រឹមត្រូវ ព្រមទាំងពិនិត្យសម្របសម្រួល និងព្យាយាមដោះស្រាយជូនសមាជិកឱ្យមានលទ្ធភាពបោះឆ្នោតបាន ទាំងអស់គ្នា។ លើសពីនេះទៀត គឺត្រូវបើកទូលាយសម្រាប់អ្នកស្ម័គ្រចិត្តចូលរួមជីវភាពបក្ស ដោយ ភាពស្មោះត្រង់ និងអាកប្បកិរិយាល្អ។ ចំពោះសកម្មជនបក្សត្រូវចូលរួមឃោសនាក្នុងអំឡុងពេលយុទ្ធនាការ ២១ថ្ងៃនេះឱ្យបានល្អបំផុត និងជំរុញឱ្យសមាជិកទៅបោះឆ្នោតទាំងអស់គ្នា។
ឯកឧត្តម អនុប្រធានបានសង្កត់បញ្ជាក់ថា សមាជិកគណបក្សមានកាតព្វកិច្ចចាំបាច់ណាស់ គឺត្រូវ ទៅបោះឆ្នោត ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីចូលរួមយកជ័យជម្នះជូន គណបក្ស ដូច្នេះសកម្មជនបក្សត្រូវយកចិត្តទុកដាក់គ្រប់គ្រងទិន្នន័យឱ្យបានច្បាស់លាស់ និងជំរុញ ឱ្យសមាជិកទៅបោះឆ្នោត ដោយយកគោលការណ៍ចង្អុលដៃខ្មៅ គឺសមាជិកម្នាក់សន្លឹកឆ្នោតមួយ។
បើតាមរបាយការណ៍ពីគណបក្សឃុំ ឃុំគោកស្រុកមានប្រជាជនសរុប១០,៩៦៦នាក់ ក្នុងនោះ ប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោតមានចំនួន៦,៣៦១នាក់ ហើយសមាជិកបក្សមាន ចំនួន៤,៩៦០នាក់។ ឃុំតំបែរមានប្រជាជនសរុប៩,៨១២នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះ ក្នុងបញ្ជីបោះឆ្នោតមានចំនួន៦,៥៨៧នាក់ ហើយសមាជិកបក្សមានចំនួន៥,៣៧២នាក់។ ឃុំត្រពាំងព្រីងមានប្រជាជនសរុប១៤,៦៨០នាក់ ក្នុងនោះប្រជាជនដែលមានឈ្មោះក្នុងបញ្ជីបោះ ឆ្នោតមានចំនួន៨,២៦០នាក់ ហើយសមាជិកបក្សមានចំនួន៦,៣៦៣នាក់។
សូមជម្រាបថា យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ មានរយៈពេល២១ថ្ងៃ គិតចាប់ពីថ្ងៃទី១ រហូតដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ហើយនៅក្នុង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ គឺមានគណបក្សនយោបាយចូលរួមប្រកួតប្រជែងចំនួន៩ គឺគណបក្ស ខ្មែរតែមួយ គណបក្សសញ្ជាតិខ្មែរ គណបក្សខ្មែររួបរួមជាតិ គណបក្សខ្មែរឈប់ក្រ គណបក្សហ៊្វុន ស៊ីនប៉ិច គណបក្សធម្មាធិបតេយ្យ គណបក្សយុវជនកម្ពុជា គណបក្សជនជាតិដើមប្រជាធិបតេយ្យ កម្ពុជា និងគណបក្សប្រជាជនកម្ពុជា៕