(គូឡាឡាំពួ)៖ ពលរដ្ឋថៃចំនួន ៤នាក់ត្រូវបានចោទប្រកាន់ នៅក្រោមច្បាប់ប្រឆាំងការជួញដូរមនុស្សរបស់ម៉ាឡេស៊ី ក្រោយពីផ្នូរសាកសពទ្រង់ទ្រាយធំ ព្រមទាំងជំរំខុសច្បាប់សម្រាប់ជនភៀសខ្លួន ត្រូវបានរកឃើញនៅក្នុងតំបន់ព្រៃភ្នំដាច់ស្រយាល តាមព្រំដែនម៉ាឡេស៊ី-ថៃ កាលពីជាង៨ឆ្នាំមុន។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី២៣ ខែមិថុនា ឆ្នាំ២០២៣។
បុរសដែលមានអាយុចន្លោះពី ៣០ឆ្នាំដល់ ៥៨ឆ្នាំបានទៅដល់តុលាការទីក្រុងកាងហ្កា (Kangar) នៃរដ្ឋភឺលីស (Perlis) ភាគខាងជើងប្រទេសម៉ាឡេស៉ីនៅថ្ងៃសុក្រនេះ។ ក្រោយមក អ្នកបកប្រែក្នុងតុលាការបានអានការចោទប្រកាន់ពួកគេ ដែលពាក់ព័ន្ធទៅនឹងការជួញដូរជនជាតិមីយ៉ាន់ម៉ាពីរនាក់។ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃម៉ាឡេស៉ី លោក សៃហ៊្វូតឌីន ណាស៊ូសិន អ៉ីម៉េល (Saifuddin Nasution Ismail) បានឲ្យដឹងថា ជនជាតិថៃទាំង ៤នាក់ត្រូវបានធ្វើបត្យាប័នកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ ហើយពួកគេស្ថិតក្នុងចំណោមមនុស្ស ១០នាក់ដែលម៉ាឡេស៊ីបានស្វែងរកការធ្វើបត្យាប័ននៅក្នុងឆ្នាំ ២០១៧។
គួរបញ្ជាក់ថា ថៃ និងម៉ាឡេស៉ីបានបើកការស៊ើបអង្កេតរួមគ្នាលើការសាងសង់ជំរុំបែបនេះ ហើយកន្លងមកថៃធ្លាប់បានកាត់ទោស ជនជាប់ចោទចំនួន ៦២នាក់ក្នុងនោះមានមន្ត្រីរដ្ឋាភិបាល ៩នាក់ជុំវិញការស្លាប់ និងការជួញដូរជនជាតិរ៉ូហ៊ីងយ៉ា និងបង់ក្លាដែសទៅកាន់ប្រទេសម៉ាឡេស៉ី តាមរយៈប្រទេសថៃកាលពីឆ្នាំ ២០១៧៕