(ម៉ៃឌូហ្គូរី)៖ ក្រុមមន្ត្រី និងអ្នកស្រុក បាននិយាយកាលពីថ្ងៃអង្គារសប្តាហ៍នេះថា មនុស្សចំនួន ៥០នាក់បានលង់ទឹកស្លាប់ និងជាច្រើននាក់ផ្សេងទៀតកំពុងបាត់ខ្លួននៅឡើយ បន្ទាប់ពីទូកផ្ទុក លើសទម្ងន់មួយគ្រឿងបានក្រឡាប់ នៅឯភាគខាងជើងនៃប្រទេសនីហ្សេរីយ៉ា។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃពុធ ទី១៤ ខែមិថុនា ឆ្នាំ២០២៣។
បើតាមអ្នកស្រុក ទូកឈើដែលក្រឡាប់នោះបានជួយដឹកមនុស្សឆ្លងទន្លេដើម្បីទៅកាន់រដ្ឋក្វារ៉ា (Kwara) បន្ទាប់ពីចូលរួមពិធីមង្គលការមួយ ក្រោយមកក៏បានលិចកាលពីយប់ថ្ងៃចន្ទសប្តាហ៍នេះ។ គេមិនទាន់ដឹងច្បាស់ទេថាមានមនុស្សប៉ុន្មាននាក់នៅលើទូកនោះ ប៉ុន្តែនៅក្នុងសេចក្តីថ្លែងការណ៍ មួយរបស់រដ្ឋបាលរដ្ឋក្វារ៉ា បានឲ្យដឹងថា មានប្រជាជនមកពីភូមិចំនួន ៥ ហើយកិច្ចខិតខំប្រឹងប្រែង ជួយសង្គ្រោះអ្នកនៅរស់រានមានជីវិតកំពុងដំណើរការនៅឡើយ៕