សម្តេចតេជោ ហ៊ុន សែន៖ សម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ ធ្វើជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងដែលសម្តេចតែងនោះឡើយ​

(កំពង់ឆ្នាំង)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនអនុញ្ញាតឱ្យនរណាម្នាក់ ធ្វើជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងដែលសម្តេចតែងនោះឡើយ បើទោះបីអ្នកចម្រៀងរូបណាបានច្រៀងនូវបទចម្រៀងនេះមុនក៏ដោយ។

ការបញ្ជាក់បែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅព្រឹកថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣នេះ ក្នុងឱកាសដែលសម្តេចបានបន្តអញ្ជើញជាអធិបតីភាពចុះជួបសំណេះសំណាលជាមួយកម្មករ កម្មការិនីសរុបជិត ២ម៉ឺននាក់ មកពីរោងចក្រសហគ្រាសចំនួន៥ ដែលកំពុងដំណើរអាជីវកម្មក្នុងស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ជំនួបសំណេះសំណាលធ្វើឡើងនៅភូមិចម្ការស្វាយ ឃុំសេដ្ឋី ស្រុកសាមគ្គីមានជ័យ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែ ខ្ញុំក៏គួរតែបញ្ជាក់ ដើម្បីចៀសវាងការភាន់ច្រឡំណាមួយចម្រៀងដែលខ្ញុំតែងទាំងអស់ បើទោះបីអ្នកណាក៏ដោយដែលបានច្រៀងដើម មិនមែនជាម្ចាស់កម្មសិទ្ធិទេ ខ្ញុំមិនឱ្យអ្នកណាមួយធ្វើជាម្ចាស់កម្មសិទ្ធិនៃចម្រៀងនោះទេ សូមបញ្ជាក់តែប៉ុណ្ណឹង»

ជាមួយគ្នានេះដែរ សម្តេចតេជោ ហ៊ុន សែន បានបន្តថា សម្រាប់បទចម្រៀង គឺសម្តេចបានតែងច្រើន ហើយអ្នកដែលបានចាប់ផ្តើមយកទៅច្រៀង បទចម្រៀងដែលសម្តេចតែងក៏មានច្រើនផងដែរ។ ប៉ុន្តែ អ្នកដែលចាប់ផ្តើមច្រៀងបទចម្រៀងទាំងអស់នោះមិនជាម្ចាស់កម្មសិទ្ធិនៃបទចម្រៀងទាំងនោះទេ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា ក្នុងនោះមានបទចម្រៀងមួយបទមានចំណងជាងថា «ទុកស្រី ប្តីព្រាត់» គឺមានការជជែកគ្នាច្រើន ខណៈអ្នកចម្រៀងដែលបានច្រៀងបទចម្រៀងនេះមុនគេ គឺអ្នកនាង ហ៉ឹម ស៉ីវន។ សម្រាប់ការថតខ្សែភាពយន្ត រឿង «កូនប្រុសក្រោមពន្លឺព្រះច័ន្ទពេញបូរណ៌មី» គឺមានតម្រូវការចាក់បទនេះនៅពេលមានការជួបជុំគ្នានៅរាជធានីភ្នំពេញ។ ដោយសារតែខ្សែភាពនេះ ត្រូវបានបញ្ចូលបទចម្រៀងយ៉ាងហោចណាស់៣បទ រួមមាន៖ បទទី១៖ អនិច្ចាកូនកម្សត់ ប្រវត្តិម្តាយកម្ម, បទទី២៖ លិខិត សំបុត្រដែលពិបាកសរសេរបំផុត និងបទទី៣៖ ទុកស្រី ប្តីព្រាត់។

«អ៊ឹចឹងទេ ខ្ញុំគ្រាន់តែបញ្ជាក់អាហ្នឹងបន្តិច ដើម្បីចៀសវាងការភាន់ច្រឡំណាមួយ ព្រោះថា ចម្រៀងយើងចាប់ផ្តើម ប៉ុន្តែ ខ្ញុំមិនឱ្យសិទ្ធិទៅអ្នកណាមួយផ្តាច់មុខនោះទេ ព្រោះនេះជាចម្រៀងខ្ញុំនិពន្ធ រួមជាមួយឯកឧត្តម ហ៊ុន ហេង ហើយចម្រៀង ទុកស្រី ប្តីព្រាត់ ខ្ញុំនិពន្ធជាមួយប្រពន្ធខ្ញុំ អ៊ឹចឹងអត់មានត្រូវអ្នកណាមកធ្វើជាម្ចាស់កម្មសិទ្ធិទេ»។ នេះជាការគូសបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន៕