(ប៉ារីស)៖ យោងតាមការឲ្យដឹងពី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ហើយត្រូវបានសារព័ត៌មាន CNA ចេញផ្សាយនៅថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ អោយដឹងថា ប្រទេសបារាំង នឹងដាក់ពង្រាយភ្នាក់ ងារសន្តិសុខ និងយោធា ចំនួន ៣៥,០០០នាក់ ដើម្បីធានាសន្តិសុខ ក្នុងពិធីបើកព្រឹត្តិការណ៍កីឡា 2024 Olympic Games ដែលមានក្បួនដង្ហែតាមដងទន្លេឆ្លងកាត់បេះដូង នៃទីក្រុងប៉ារីស ពីការ គំរាមកំហែងផ្នែកសន្តិសុខ ក្នុងនោះរួមទាំង ការវាយប្រហារពីយន្តហោះគ្មានមនុស្សបើកផងដែរ។ អ្នកទស្សនារាប់ម៉ឺននាក់ ត្រូវបានគេរំពឹងថា នឹងឈរនៅតាមច្រាំងទន្លេ Seine ដែលមានចម្ងាយ ៦គីឡូម៉ែត្រ ដើម្បីទស្សនាទូកប្រតិភូជាតិ ដែលបណ្តែតពីស្ពាន Austerlitz Bridge ទៅកាន់តំបន់ ប៉ម Eiffel Tower។
រដ្ឋមន្ត្រីមហាផ្ទៃ លោក Gerald Darmanin បានឲ្យដឹងថា ទ័ពជំនួយ នឹងមកពីក្រសួងការពារជាតិ។ យោធាបារាំង នឹងទទួលបន្ទុកការងារ ជាមួយនឹងការដឹកនាំការពារប្រទេស ប្រឆាំងនឹងការវាយ ប្រហារ ពីយន្តហោះគ្មានមនុស្សបើក។
លោក Darmanin បានបន្ថែមថា រដ្ឋាភិបាលបារាំង នឹងស្នើសុំកងកម្លាំងប៉ូលិស មកពីប្រទេសក្នុង តំបន់អឺរ៉ុប ដើម្បីបង្កើនការចែករំលែកការស៊ើបអង្កេតសម្ងាត់របស់ពួកគេ ពីបុគ្គលដែលអាចបង្កការ គំរាមកំហែងភេរវកម្ម ដើម្បីទប់ស្កាត់ពួកគេ ក្នុងការចូលទឹកដីបារាំង។
សូមជម្រាបថា ព្រឹត្តិការណ៍ 2024 Paris Olympics នឹងធ្វើឡើងចាប់ពីថ្ងៃទី២៦ ខែកក្កដា ដល់ ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៤៕