ឧត្ដមសេនីយ៍អ៉ីស្រាអែល ព្រមានពីការធ្វើសកម្មភាពប្រឆាំងនឹង ទីតាំងនុយក្លេអ៊ែររបស់អ៉ីរ៉ង់

 (ហ្ស៊េរុយសាឡិម)៖  តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃពុធ ទី២៤ ខែឧសភា​ ឆ្នាំ២០២៣ ប្រាប់អោយដឹងថា ឧត្តមសេនីយ៍ជាន់ខ្ពស់ម្នាក់របស់អ៉ីស្រាអែល បានលើក ឡើងពីលទ្ធភាពនៃការធ្វើសកម្មភាពប្រឆាំងនឹងអ៉ីរ៉ង់ បើទោះជាទីប្រឹក្សាសន្តិសុខជាតិរបស់ លោក នាយករដ្ឋមន្ត្រី ណេតាន់យ៉ាហ៊ូ មិនទាន់មើលឃើញពីការគំរាមកំហែងភ្លាមៗណាមួយ បង្កឡើង ដោយរោងចក្រនុយក្លេអ៊ែរក្រោមដីដែលអ៉ីរ៉ង់កំពុងចាប់ផ្ដើមសាងសង់ ក៏ដោយ។

ការកត់សម្គាល់ខាងលើរបស់ប្រមុខកងកម្លាំងប្រដាប់អាវុធអ៉ីស្រាអែល លោកឧត្ដមសេនីយ៍ឯក ហឺហ្ស៉ី ហាឡេវី (Herzi Halevi) ធ្វើឡើងក្នុងសុន្ទរកថាមួយ នៅឯវេទិកាសន្តិសុខ Herzliya Conference កាលពីថ្ងៃអង្គារសប្ដាហ៍នេះ។ លោក ហាឡេវី បានគូសបញ្ជាក់ដូច្នេះថា «អ៉ីរ៉ង់កាន់ តែមានភាពរីកចម្រើនទៅមុខជាមួយការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម មិនធ្លាប់មានពីមុនមក… ការវិវត្តប្រកបដោយភាពអវិជ្ជមាននេះអាចនឹងជំរុញឱ្យមានការធ្វើសកម្មភាព (យោធា) ភ្លាមៗ»។ លោក ហាឡេវី មិនបានលម្អិតឱ្យដឹងនោះទេថាតើ អ្វីទៅជាការធ្វើសកម្មភាពដែលលោកបាន លើកឡើង៕