(ក្វាតេម៉ាឡា)៖ អាជ្ញាធរក្វាតេម៉ាឡាបានជម្លៀសមនុស្សច្រើនជាង ១,០០០នាក់ និងបិទផ្លូវមួយចំនួន ស្របពេលភ្នំភ្លើងសកម្មបំផុតរបស់ប្រទេសអាមេរិកកណ្តាលមួយនេះ បានផ្ទុះឡើងកាលពីថ្ងៃព្រហស្បតិ៍ ហើយជះកម្ទេចផេះទៅលើទីក្រុងផ្សេងៗ ហើយស្ថិតនៅមិនឆ្ងាយប៉ុន្មានឡើយពីរដ្ឋធានី។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៥ ខែឧសភា ឆ្នាំ២០២៣។
មន្រ្តីទីភ្នាក់ងារគាំពារជនស៉ីវិលរបស់ក្វាតេម៉ាឡា បានឱ្យដឹងថា មនុស្សចំនួន១,០៥៤នាក់ ត្រូវបានជម្លៀសចេញពីសហគមន៍ចំនួន៥កន្លែង ដែលនៅក្បែរជើងភ្នំខាងលើ និងផ្លាស់ទៅកាន់កីឡដ្ឋានមួយកន្លែង ដែលត្រូវបានយកធ្វើជាកន្លែងជ្រកកោនសុវត្ថិភាព ខណៈចំនួននេះត្រូវរំពឹងថានឹងបន្តកើនឡើងថែមទៀត។
ដុំពពកនៃផ្សែងនិងផេះដែលបញ្ចេញដោយភ្នំភ្លើងឈ្មោះ ហ្វូហ្គោ (Fuego) បានឡើងដល់កម្ពស់ជាង៦,០០០ម៉ែត្រ លើកម្ពស់នីវ៉ូសមុទ្រ។ កម្ទេចផេះទាំងនោះ បាននិងកំពុងធ្លាក់ទៅភាគខាងលិចនិងភាគនិរតីនៃភ្នំភ្លើង ពោលគឺក្នុងទិសដៅផ្ទុយពីរដ្ឋធានីក្វាតេម៉ាឡាស៉ីធី ដែលស្ថិតនៅចម្ងាយ៣៥គីឡូម៉ែត្រពីភាគឦសាននៃភ្នំភ្លើងនោះ។ អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយក្វាតេម៉ាឡា បានធ្វើការប៉ាន់ប្រមាណថា មានមនុស្សប្រហែល១៣០,០០០នាក់ ដែលកំពុងរស់នៅតាមតំបន់ដែលប្រឈម ហានិភ័យនៃការធ្លាក់កម្ទេចផេះ ដែលបានធ្លាក់នៅចម្ងាយឆ្ងាយបំផុតគឺ ១០០គីឡូម៉ែត្រពីមាត់ភ្នំភ្លើង៕