(អូតាវ៉ា)៖ ឯកអគ្គរដ្ឋទូតចិនប្រចាំប្រទេសកាណាដា លោក ខុង ប៉ីវូ (Cong Peiwu) កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបដិសេធចំពោះការចោទប្រកាន់ដែលថា មន្រ្តីរបស់ទីក្រុងប៉េកាំងបានកំណត់គោលដៅលើ សមាជិកសភាកាណាដាម្នាក់ ហើយនិងគ្រួសាររបស់សមាជិកសភារូបនោះ ដោយសារតែប្រកាន់ជំហរប្រឆាំងចិន ហើយលោកក៏បានតវ៉ានិងរិះគន់ចំពោះសេចក្តីថ្លែងការណ៍របស់ទីក្រុងអូតាវ៉ា ដែលថាខ្លួនកំពុងពិចារណាបណ្តេញមន្រ្តីទូតចិនផងដែរ។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី០៥ ខែឧសភា ឆ្នាំ២០២៣។
រដ្ឋមន្រ្តីការបរទេសកាណាដា លោកស្រី មេឡានី ចូលី (Melanie Joly) បាននិយាយថា លោកស្រីកំពុងថ្លឹងថ្លែងលើជម្រើសផ្សេងៗ រួមមានទាំងការបណ្តេញមន្រ្តីទូតរបស់ចិន។ កាលពីដើមសប្តាហ៍នេះ សារព័ត៌មានកាណាដា Globe and Mail ដែលផ្អែកលើប្រភពពីរបាយការណ៍ស៉ើបការណ៍សម្ងាត់មួយកាលពីឆ្នាំ២០២១ របស់រដ្ឋាភិបាលកាណាដា បាននិយាយថា ទីក្រុងប៉េកាំងបានព្យាយាមស្វែងរកព័ត៌មានអំពីលោក មីឈែល ចុង (Michael Chong) ហើយនិងគ្រួសារសាច់ញាតិរបស់លោកនៅប្រទេសចិន ក្នុងបំណងទំនងចង់គំរាមកំហែងរូបលោក ហើយធ្វើជាឧទាហរណ៍កុំឱ្យអ្នកដទៃទៀត ហ៊ានប្រកាន់ជំហរប្រឆាំងទីក្រុងប៉េកាំង។ លោក ចុង គឺជាសមាជិកសភាបក្សអភិរក្សនិយម ដែលកាលពីឆ្នាំ២០២១ បានគាំទ្រសេចក្តីព្រាងជោគជ័យមួយ ដែលបានរិះគន់បញ្ហាសិទ្ធិមនុស្សនៅក្នុងប្រទេសចិន។
ចំណែកលោក ខុង ដែលត្រូវបានមន្រ្តីជានខ្ពស់នៃក្រសួងការបរទេសកាណាដាកោះហៅទៅសួរនាំ កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា រូបលោកបានបង្ហាញការតវ៉ាយ៉ាងមុតមាំ ប្រឆាំងនឹងការពិចារណាចង់បណ្តេញអ្នកការទូតរបស់ចិន ដោយសារតែអ្វីដែលលោកចាត់ទុកថា ត្រឹមជាពាក្យចចាមអារ៉ាមអំពីការជ្រៀតជ្រែករបស់ចិន។ នៅលើវែបសាយរបស់ស្ថានទូតចិន លោក ខុង បានលើកឡើងយ៉ាងដូច្នេះថា «ចិនសូមទទូចឱ្យភាគីកាណាដា បញ្ឈប់ជាបន្ទាន់នូវឈុតឆាកនយោបាយ ដែលដឹកនាំសម្តែងដោយខ្លួនឯងនេះ» ហើយលោកបន្ថែមថា កាណាដាមិនគួរបន្តដើរនៅលើផ្លូវ ដែលខុសនិងគ្រោះថ្នាក់បែបនេះទៀតឡើយ៕