តៃវ៉ាន់ នឹងទិញមីស៊ីលប្រឆាំងនាវាចម្បាំង ៤០០គ្រាប់ ពីសហរដ្ឋអាមេរិក

(តៃប៉ិ)៖ កោះតៃវ៉ាន់ នឹងទិញមីស៊ីលប្រឆាំងនាវាចម្បាំងប្រភេទ ហាពូន (Harpoon) ចំនួន៤០០គ្រាប់ ពីសហរដ្ឋអាមេរិក ខណៈកំពុងប្រឈមមុខនឹងភាពតានតឹងជាមួយ ចិនដែលតែងតែព្រមានជារឿយៗថានឹងប្រើកម្លាំងយោធា ដើម្បីបង្រួបបង្រួមជាតិក្នុងករណីចាំបាច់។ នេះបើតាមការដកស្រង់ចេញផ្សាយដោយសារព័ត៌មាន Bloomberg នៅថ្ងៃអង្គារ ទី១៨ ខែមេសា ឆ្នាំ២០២៣។

សារព័ត៌មាន Bloomberg ធ្វើសេចក្ដីរាយការណ៍ខាងលើកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ និងដោយផ្អែកលើប្រភពដែលខ្លួនទទួលបានថ្នាក់ដឹកនាំធុរកិច្ចមួយក្រុម និងក្រុម មន្ត្រីដែលបានដឹងពីកិច្ចព្រមព្រៀងលក់អាវុធ ក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ មន្ទីរបញ្ចកោណ ក៏ធ្លាប់បានប្រកាសដែរពីការលក់មីស៊ីល Harpoon ៤០០គ្រាប់ ក្នុងតម្លៃ ១.១៧ពាន់លានដុល្លារ កាលពីថ្ងៃទី៧ ខែមេសាកន្លងទៅ ដោយមិនបានបញ្ជាក់ឈ្មោះអ្នកទិញនោះទេ ហើយបានបញ្ជាក់ការផលិតមីស៊ីលទាំងនេះនឹងរួចរាល់នៅខែមីនា ឆ្នាំ២០២៩។ ប៉ុន្តែ​ បើតាម Bloomberg អ្នកទិញមីស៊ីលទាំងនេះគឺតៃវ៉ាន់។