កោះកុង÷ អរគុណសន្តិភាព! អរគុណនយោបាយឈ្នះ.ឈ្នះ!! ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្ដេចតេជោ ហ៊ុន សែន ប្រទេសជាតិមានសុខសន្តិភាព មានការអភិវឌ្ឍ គ្រប់វិស័យ ប្រជាពលរដ្ឋអបអរ សាទរ រីករាយយ៉ាងក្រៃលែង ពិសេសប្រជាពលរដ្ឋក្នុងសង្កាត់ស្មាច់មានជ័យ បន្ទាប់ពីបានមកទទួលប្លង់កម្មសិទ្ធិស្រច្បាប់!!! កាលពីព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ នៅមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសូរិយោដីខេត្ត ក្នុងពិធីចែកវិញ្ញាបណប័ត្រសម្គាល់ម្ចាស់អចលនវត្ថុ និងមោឃ:ភាពនៃប័ណ្ណសម្គាល់សិទ្ធិកាន់កាប់ប្រើប្រាស់ដីធ្លី ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ នៅភូមិ១ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ក្រោមអធិបតី លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ។
ថ្លែងក្នុងពិធីចែកវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ លោក ជំទាវអភិបាលខេត្ត មានប្រសាសន៍ថា ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ជានីតិវិធីមួយដែលប្រើបច្ចេកទេសខ្ពស់ ក្នុងការចុះបញ្ជីដីធ្លីភូមិករ ស្រែចំការ ដោយធ្វើទូទាំងភូមិ ទូទាំងឃុំ/សង្កាត់ ទូទាំងក្រុង/ស្រុក ពោលគឺ ទាំងដីឯកជន ទាំងដីរដ្ឋ ដោយតម្រូវឲ្យប្រជាពលរដ្ឋជាម្ចាស់ដី និងតំណាងស្ថាប័នគ្រប់គ្រងដីរដ្ឋ ចូលរួមដោយផ្ទាល់នៅគ្រប់ជំហាន ដូចមានចែងក្នុងអនុក្រឹត្យលេខ ៤៦ អនក្រ,បក ចុះថ្ងៃ ទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្តីពីនីតិវិធីនៃការកសាងប្លង់សូរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងអនុក្រឹត្យលេខ ១២២ អនក្រ,បក ចុះថ្ងៃទី ០៩ ខែមិថុនា ឆ្នាំ ២០១៦ ស្ដីពីការកែតម្រូវ មាត្រា ៦ មាត្រា ៧ និងមាត្រា ១១ នៃអនុក្រឹត្យលេខ ៤៦ អនក្រ,បក ចុះថ្ងៃទី ៣១ ខែឧសភា ឆ្នាំ ២០០២ ស្ដីពីនីតិវិធី នៃការកសាងប្លង់សូរិយោដី និងសៀវភៅគោលបញ្ជីដីធ្លី និងសារាចរណ៍ណែនាំ លេខ ០០១ ដនស. សដ ចុះថ្ងៃទី១៩ ខែសីហា ឆ្នាំ២០០២ ។
ក្នុងឱកាសនោះដែរ លោក រស់ វីរ៉ាវុធប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្មសំណង់ និងសូរិយោដីខេត្តកោះកុង បានបញ្ជាក់ថា ប័ណ្ណដែលបានចេញជូនពល រដ្ឋ ក្នុងភូមិ១ សង្កាត់ស្មាច់មានជ័យ ២៤០០ ជាងប័ណ្ណ ស្មើរនឹង ១៣០៧ គ្រួសារ ។
លោក រស់ វីរ៉ាវុធ ប្រធានមន្ទីរបន្ថែមថា យើងចាប់ផ្ដើមធ្វើនៅឆ្នាំ ២០២២ ដោយយើងស្នើសុំប្រទានកម្ម ព្រោះថាទីតាំងនេះ ជាទីតាំងកាត់ឈ្វៀល ។ លោកថាក្រោយ ពីចែកប័ណ្ណជូនពលរដ្ឋក្នុងភូមិ១រួច មន្ទីរនឹងចុះចែកពលរដ្ឋ ភូមិស្មាច់មានជ័យ និងភូមិបឹងឃុនឆាង ក្នុងសង្កាត់ស្មាច់មាន ជ័យដដែលបន្ត។
ជាមួយគ្នានោះ លោកប្រធានមន្ទីរ ក៏បានផ្ដាំផ្ញើទៅកាន់ពលរដ្ឋទាំងអស់ បន្ទាប់ពីទទួលបានប័ណ្ណកម្មសិទ្ធិរួច សុំរៀបចំទុកដាក់ឲ្យបានត្រឹមត្រូវ កុំយកទៅអ៊ុតរឹងដូចកាតឱ្យសោះ គ្រាន់តែរៀបចំទុកក្នុងថង់ប្លាស្ទិចដូចក្រុមការងាររៀបជូន កុំឱ្យត្រូវទឹក កុំឱ្យបាត់ ព្រោះនេះជាបន្ទាល់មួយសម្រាប់បងប្អូនយកទៅដាក់បន្ទុកដើម្បីយកទុនជាដើមទុនយកទៅធ្វើការបំពេញបន្ថែមនៅលើជីវភាពរបស់បងប្អូន។
ជាមួយគ្នានោះ លោកជំទាវអភិបាលខេត្ត ថ្លែងបញ្ជាក់ជូនពលរដ្ឋថា ប័ណ្ណកម្មសិទ្ធិដែលបានចែកជូននេះ មានអត្ថប្រយោជន៍ជាច្រើន
-ប័ណ្ណនេះជាវត្ថុតាងបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់របស់លោកអ្នក ។
-ប័ណ្ណនេះត្រូវបានការពារដោយច្បាប់ធានាដោយរដ្ឋ ។
-បទនេះធានានូវសិទ្ធិរបស់លោកអ្នកក្នុងការធ្វើជាម្ចាស់ ។
-ប័ណ្ណនេះអាចយកទៅប្រើប្រាស់សម្រាប់ដាក់ធនាគារក្នុងការខ្ចីប្រាក់បាន។
-ប័ណ្ណនេះជាឯកសារសំអាងនៅពេលមានជម្លោះដីធ្លី ។
-ប័ណ្ណនេះធ្វើឲ្យកាន់តែប្រសើរចំពោះការផ្ទេរអចលនវត្ថុ ដូចជាលក់ ទិញអំណោយ ឬបន្តមរតក ។
៊-ប័ណ្ណនេះអាចបង្កើតតម្លៃដីកាន់តែបានថ្លៃព្រោះទីផ្សារដីប្រកបដោយទំនុកចិត្ត ។
លោកជំទាវអភិបាលខេត្ត ថ្លែងបន្ថែមថា សមិទ្ធផលទាំងអស់នេះ កើតចេញពីការខិតខំប្រឹងប្រែង និងយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល ដែលដឹកនាំដោយគណ: បក្សប្រជាជនកម្ពុជា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ស្ថាប័នពាក់ ព័ន្ធនានា និងអាជ្ញាធរដែនដីគ្រប់លំដាប់ ថ្នាក់ ក្នុងគោលដៅធ្វើការកែទម្រង់លើវិស័យដីធ្លី ឱ្យស្របតាមយុទ្ធសាស្ត្រចតុកោណរបស់រាជរដ្ឋា ភិបាល អាណត្តិទី៦ ដើម្បីចូលរួមកាត់ បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ៕ ដោយ ញុឹប សន