ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ៖ ប្រមុខដឹកនាំទន្លេមេគង្គ នឹងថែរក្សាអាងទន្លេមេគង្គ ទឹកទន្លេមេគង្គ ដើម្បីផលប្រយោជន៍ការរស់រានមានជីវិត អ្នកនៅតាមអាងដងទន្លេមេគង្គ ប្រកបដោយចីរភាព


(ភ្នំពេញ)៖ ឯកឧត្តម ស្រ៉ី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បានថ្លែងថា ប្រមុខដឹកនាំទន្លេ មេគង្គ នឹងធ្វើយ៉ាងណា ដើម្បីថែរក្សាអាងទន្លេមេគង្គ ទឹកទន្លេមេគង្គ ដើម្បីផលប្រយោជន៍ការរស់រាន មានជីវិត អ្នកនៅតាមអាងដងទន្លេមេគង្គ ការថែទាំបរិស្ថាន ការថែទាំតុល្យភាពអេកូឡូស៉ី សិក្សាពី ការទប់ទល់នឹងគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត ការប្រើប្រាស់ទឹក និងធនធានទន្លេមេគង្គ ប្រកប ដោយចីរភាព។

នៅព្រឹកថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២៣ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដឹកនាំ គណៈប្រតិភូជាន់ខ្ពស់ អញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូលគណៈកម្មការ ទន្លេមេគង្គលើកទី៤ នៅទី ក្រុងវៀងចន្ទន៍ ប្រទេសឡាវ។ ការអញ្ជើញរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្វើឡើងតបតាមការ អញ្ជើញរបស់លោក សនសៃ ស៊ីផាន់ដន នាយករដ្ឋមន្ត្រីឡាវ។

ថ្លែងប្រាប់អ្នកសារព័ត៌មាន នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ឯកឧត្តម ស្រ៊ី ថាមរ៉ុង្គ បានឲ្យដឹង បន្តថា ប្រមុខដឹកនាំទន្លេមេគង្គ ក៏នឹងមានការពិភាក្សាជាច្រើនទាំងផលប្រយោជន៍សេដ្ឋកិច្ច របស់ អ្នករស់នៅតាមដងទន្លេមេគង្គ ដែលអាចទទួលផលពីទន្លេមេគង្គ។ ទន្ទឹមនឹងនេះ ដោយសារតែការ ប្រែប្រួលអាកាសធាតុ ដែលមិនអាចទាញទុកជាមុនបាន ប្រមុខដឹកនាំទន្លេមេគង្គ ក៏នឹងចែករំលែក ពីវិធានការរបស់ប្រទេសខ្លួន ដើម្បីបន្ស៉ាំខ្លួននឹងអាកាសធាតុទៀតផង។

ក្រសួងការបរទេសកម្ពុជា បានឱ្យដឹងថា កិច្ចប្រជុំកំពូលគណៈកម្មការទន្លេ​មេគង្គ​លើក​ទី​៤ ដែលធ្វើ ឡើងនៅប្រទេសឡាវ នាថ្ងៃទី០៥ ខែមេសា នឹងធ្វើឡើងក្រោមមូលបទ «នវានុវត្តន៍ និងកិច្ចសហប្រតិ បត្តិការសម្រាប់អាងទន្លេមេគង្គ ដែលមានសន្តិសុខទឹក និងប្រកបដោយចីរភាព»

កិច្ចប្រជុំកំពូលខាងលើ នឹងពិនិត្យឡើងវិញអំពីវឌ្ឍនភាព និងសមិទ្ធផលសំខាន់ៗ​ ដែល​គណៈកម្ម ការទន្លេមេគង្គសម្រេចបានតាមរយៈ ការលើកកម្ពស់កិច្ចខិតខំប្រឹងប្រែងរួមគ្នា និងភាពជាដៃគូឆ្ពោះ ទៅសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពក្នុងអាងទន្លេមេគង្គ ចាប់តាំងពីកិច្ចប្រជុំ កំពូលគណៈកម្មការទន្លេមេគង្គលើកទី៣ កាលពីឆ្នាំ២០១៨ នៅប្រទេសកម្ពុជា។ កិច្ចប្រជុំក៏នឹងពិភាក្សាអំពីបញ្ហាប្រឈម​ ដែលកំពុងកើតមាននៅ​ក្នុង​អាង​ទន្លេមេគង្គ និងកំណត់ទិស ដៅយុទ្ធសាស្ត្រនាពេលអនាគត ដើម្បីរួមគ្នា​ដោះស្រាយ​បញ្ហា​ប្រឈមក្នុងអាងទន្លេមេគង្គឱ្យកាន់ តែមានប្រសិទ្ធភាព ព្រមទាំងបន្តជំរុញ​កិច្ចសហ​ប្រតិបត្តិការ និងភាពជាដៃគូក្នុងតំបន់ សម្រាប់ចីរភាព ទន្លេមេគង្គ។

សូមបញ្ជាក់ថា គណៈកម្មការទន្លេមេគង្គ (MRC) គឺជាស្ថាប័នអន្តររដ្ឋាភិបាល ដែលបំពេញ​ការងារ ដើម្បីជួយសម្រួលដល់កិច្ចសហប្រតិបត្តិការជុំវិញការអភិវឌ្ឍ និងគ្រប់គ្រង​តំបន់​អាងទន្លេមេគង្គ ប្រកបដោយចីរភាព។

សមាជិករបស់គណៈកម្មការនេះ រួមមាន ប្រទេសកម្ពុជា ឡាវ ថៃ និងវៀតណាម។ គណៈ​កម្មការ ទន្លេមេគង្គបំពេញតួនាទីជាវេទិកាសម្រាប់ការទូតផ្នែកទឹក និងកិច្ចសហប្រតិ​បត្តិការ​ថ្នាក់តំបន់ ដែលតាមរយៈវេទិកានេះ ប្រទេសជាសមាជិកធ្វើការចែករំលែកអត្ថប្រយោជន៍ ដែលបានពីធន ធានទឹករួម និងឆ្លើយតបចំពោះបញ្ហាប្រឈមឆ្លង​ដែននៅក្នុងតំបន់​អាង​ទន្លេ​នេះ បើទោះបីជាប្រទេស សមាជិកទាំងនេះ មានផលប្រយោជន៍ជាតិខុសគ្នាយ៉ាង​ណាក៏​ដោយ​។

គណៈកម្មការនេះ ក៏បំពេញតួនាទីជាមជ្ឈមណ្ឌលចំណេះដឹង សម្រាប់ជំរុញឱ្យមានការ​តាក់​តែង​គោលនយោបាយ ផ្អែកតាមភស្តុតាងជាក់ស្ដែងផងដែរ។ គណៈកម្មការនេះ ផ្ដល់​ជំនួយ​បច្ចេកទេស និងបង្កើតជាឧបករណ៍ដើម្បីជួយឱ្យប្រទេសជាសមា​ជិកធ្វើការសម្រេច​ចិត្ត​ផ្អែក​តាមព័ត៌មានត្រឹម ត្រូវ។គណៈកម្មការទន្លេមេគង្គ ត្រូវបានបង្កើតឡើង នៅពេលប្រទេសកម្ពុជា ឡាវ ថៃ និង​វៀត​ណាម​ ​ចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីកិច្ចសហប្រតិបត្តិការ​សម្រាប់ការអភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព នៅតំបន់អាងទន្លេមេគង្គ ដែលហៅកាត់ថា កិច្ចព្រមព្រៀងមេគង្គ កាលពីថ្ងៃទី ៥ ខែមេសា ឆ្នាំ ១៩៩៥ (1995 Mekong Agreement) ។

ប្រទេសជាសមាជិកបានឯកភាពសហការជាមួយគ្នាលើវិស័យជាច្រើន ដូចជាវិស័យ​នេ​សាទ ការ គ្រប់គ្រងទឹកជំនន់ ធារាសាស្ដ្រ វារីអគ្គិសនី និងនាវាចរណ៍។ ប្រទេសចិន និង​មីយ៉ាន់ម៉ា ដែលស្ថិត នៅផ្នែកខាងលើបង្អស់នៃលំហូរទន្លេមេគង្គ គឺជាដៃគូសន្ទនារបស់ MRC ចាប់ពីតាំងពីឆ្នាំ១៩៩៦ មក៕