(អង់ការ៉ា)៖ យោងតាមការដកស្រង់ផ្សាយពី ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី៣១ ខែមីនា ឆ្នាំ២០២៣បានអោយដឹងថា សភារបស់ប្រទេសតួកគី បានអនុម័តសេចក្ដីព្រាងច្បាប់មួយ ដើម្បីអនុញ្ញាតឲ្យប្រទេសហ្វាំងឡង់ចូលជាសមាជិកអង្គការណាតូ (NATO) ដែលជាការជម្រះនូវឧប សគ្គ ដ៏សំខាន់ ចុងក្រោយសម្រាប់ទីក្រុងហែលស៉ិនគី (Helsinki) ក្នុងការក្លាយជាសមាជិកនៃបក្ស សម្ព័ន្ធយោធាមួយនេះ ក្នុងបរិបទនៃសង្រ្គាមនៅអ៊ុយក្រែន។
សមាជិកសភាតួកគីទាំង ២៧៦រូប ដែលមានវត្តមានកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍នេះ បានបោះ ឆ្នោតគាំទ្រលើពាក្យសុំរបស់ហ្វាំងឡង់ ប៉ុន្មានថ្ងៃប៉ុណ្ណោះក្រោយសភារបស់ហុងគ្រី អនុម័ត ឲ្យសមា ជិកភាពរបស់ទីក្រុងហែលស៉ិនគី។ សភាតួកគីគឺជាសភាចុងក្រោយក្នុងចំណោមសមាជិកទាំង៣០ នៅក្នុងអង្គការណាតូ ដែលបានផ្តល់សច្ចាប័នលើសមាជិកភាពរបស់ហ្វាំងឡង់។ ប្រធានាធិបតីហ្វាំងឡង់ លោក សៅលី នីនីសតូ (Sauli Niinisto) បានថ្លែងអំណរគុណដល់ សមាជិកទាំង៣០ របស់ NATO សម្រាប់ការគាំទ្រនេះ ខណៈប្រមុខ NATO លោក ជែនស្តូល ធិនបឺគ ក៏បានបង្ហាញការអបអរសាទរផងដែរ។
គួរបញ្ជាក់ថា ហ្វាំងឡង់ មានព្រំប្រទល់រួមជាមួយរុស្ស៉ីប្រវែង ១,៣០០គីឡូម៉ែត្រ។ កាលពីឆ្នាំ២០២២ ហ្វាំងឡង់ និងស៊ុយអែត បានដាក់ពាក្យស្នើសុំចូលជាសមាជិកអង្គការណាតូ ភ្លាមៗ បន្ទាប់ពីរុស្ស៉ីចូលឈ្លានពានអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ។ ចំណែក ពាក្យសុំរបស់ ស៊ុយអែតដើម្បីចូលរួមក្នុងបក្សសម្ព័ន្ធយោធានេះ កំពុងស្ថិតនៅក្រោមការរង់ចំានៅឡើយ ដោយ សារតែ មិនទាន់មានការយល់ព្រមទាំងតួកគី និងហុងគ្រី៕