ប៉េកាំង ៖ អាជ្ញាធរសុខាភិបាលចិននាព្រឹកថ្ងៃចន្ទនេះបានប្រកាសឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារជំងឺឆ្លង COVID-19 នៅក្នុងតំបន់ និងខេត្តចំនួន៣១របស់ប្រទេសចិនបានកើនដល់ ២,៩១២នាក់ ក្នុងចំណោមអ្នកឆ្លងសរុប៨០,០២ករណី។ នេះបើតាមទីភ្នាក់ងារព័ត៌មាន ស៊ីនហួរ។
យោងតាមរបាយការណ៍ប្រចាំថ្ងៃចន្ទនេះរបស់គណៈកម្មការជាតិសុខាភិបាលចិន ពេញមួយថ្ងៃអាទិត្យម្សិលមិញនេះ មនុស្សចំនួន២០២នាក់បន្ថែមទៀត (១៤១នាក់ស្ថិតនៅក្នុងខេត្តហ៊ូប៉ី) ត្រូវបានធ្វើតេស្តឃើញថា មានផ្ទុកមេរោគ COVID-19 ហើយស្របពេលជាមួយគ្នាអ្នកជំងឺ ៤២នាក់បានបាត់បង់ជីវិត។
របាយការណ៍បញ្ជាក់ថា អ្នកជំងឺដែលបានស្លាប់ទាំង៤២នាក់ខាងលើនេះ គឺស្ថិតនៅក្នុងខេត្តហ៊ូប៉ីទាំងអស់ ខណៈមនុស្សសរុប ៧១៥នាក់ទៀតកំពុងស្ថិតនៅក្នុងការពិនិត្យ ដើម្បីរកមើលថា តើពួកគេមានផ្ទុកមេរោគកូរ៉ណាថ្មី ឬ COVID-19 ដែរឬមួយក៏អត់៕