ពលរដ្ឋជួបការលំបាក៤គ្រួសារទទួលអំណោយពីចលនាយុវជនកម្ពុជា (ក្រុម១៥៧) ខេត្តបន្ទាយមានជ័យ

បន្ទាយមានជ័យ ៖ ប្រជាពលរដ្ឋ ជួបការលំបាក០៤គ្រួសារ កាលពីថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ បានទទួលអំណោយមនុស្សធម៌ ពីចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ សាខាខេត្តបន្ទាយមានជ័យ ដែលបានចុះចែកជូនដល់លំនៅដ្ឋាន ។

ពិធីចែកអំណោយជូនប្រជាពលរដ្ឋ ជួបការលំបាកខាងលើប្រព្រឹត្តទៅក្រោមការដឹកនាំរបស់លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ និងដោយមានការចូលរួមពីសំណាក់លោក អ៊ុង សុខម៉ៅ ប្រធានផ្នែកទំនាក់ទំនងចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ លោក ប៊ុន ធឿន ប្រធានផ្នែកផ្សព្វផ្សាយចលនាយុវជនកម្ពុជា(ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ព្រមទាំងសមាជិក សមាជិកា យុវជន១៥៧ យុវជនសហភាពសហព័ន្ធយុវជនកម្ពុជា និងអាជ្ញាធរមូលដ្ឋាន បានចូលរួមជាច្រើននាក់ផងដែរ ។

លោក ជា សុវណ្ណធួន ប្រធានសមាគមចលនាយុវជនកម្ពុជា(ក្រុម១៥៧) ក្រុងសិរីសោភ័ណ បានឲ្យដឹងថា យុវជនកម្ពុជា១៥៧ ជាចលនាមួយដែលបង្កើតឡើង ក្នុងគោលបំណង រួមចំណែកជាមួយរាជរដ្ឋាភិបាល ដើម្បីធ្វើកិច្ចការងារមនុស្សធម៌ ដូចជា ការនាំអំណោយចែកជូន ពលរដ្ឋជួបការលំបាក ចាស់ជរាគ្មានទីពឹង អ្នកផ្ទុកមេរោគអេដស៍ ឬមានជំងឺប្រចាំកាយមិនអាចមានលទ្ធភាពចិញ្ចឹមខ្លួនឯងបាន ។ល។ ដែលសមាគមនេះមានលោក ហ៊ុន ម៉ាណែត ជាស្ថាបនិក និងឯកឧត្តម ម៉ឹង ពន្លក ជាប្រធានសមាគម ព្រមទាំងឯកឧត្តម ចៅ ជីអាន ជាប្រធានសមាគមចលនាយុវជនកម្ពុជា (ក្រុម១៥៧) សាខាខេត្តបន្ទាយមានជ័យ ។

លោកថា ជាក់ស្ដែងថ្ងៃនេះ ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ក្រុងសិរីសោភ័ណ បាននាំអំណោយជាគ្រឿងឧបភោគបរិភោគ រួមនិងថវិកាមួយចំនួន ចុះចែកជូនគ្រួសារពលរដ្ឋជួបការលំបាក និងមានជម្ងឺប្រចាំកាយ និងផ្ទុកមេរោគអេដស៍ ចំនួន០៤គ្រួសារ ដោយក្នុងមួយគ្រួសារទទួលបាន ៖ -អង្ករ ២៥គីឡូក្រាម -មី១កេស -ទឹកស៊ីអ៊ីវ ១យួរ -ទឹកត្រី១យួរ -ត្រីខ១យួរ -ប្រេងឆា១ដប -ស្កសរ ១គីឡូក្រាម -អំបិល ១គីឡូក្រាម -ប៊ីចេង ១គីឡូក្រាម -សាប៊ូ ១គីឡូក្រាម -សារ៉ុង ១ -ទឹកសុទ្ធ ៥យួរ និងថវិកា១០ម៉ឺនរៀលផងដែរ ។ ជាមួយគ្នានេះ ក៏មានគ្រួសារពលរដ្ឋ១គ្រួសារផ្សេងទៀត ដោយយល់ពីទុក្ខលំបាករបស់គាត់ ដែលពិការជើង(ស្វិតជើង) ទាំងសងខាងព្រោះធ្លាក់ពីលើអាគារសំណង់កម្ពស់២ជាន់ ពេលទៅធ្វើជាកម្មករសំណង់នៅប្រទេសថៃ សមាជិក សមាជិកា និងសប្បុរសជនបានរៃអង្គាសថវិកា បានចំនួន ១៨ម៉ឺនរៀល ប្រគល់ជូនគាត់ផងដែរ ។

លោកបញ្ចាក់ថា ទាំងអំណោយ និងថវិកាដែលចែកជូននាពេលនេះ គឺបានមកពីការកៀរគរ ពីសមាជិក សមាជិកា ក្រុមយុវជន១៥៧ ក្រុងសិរីសោភ័ណ និងការឧបត្ថម្ភជាថវិកាពីសប្បុរសជនមួយចំនួន រួមមាន៖ -លោក ជួង រិទ្ធី និងអ្នកស្រី លី គាង ព្រមទាំងបុត្រ -អ្នកស្រី ថុល សុថាណែត និងស្វាមី ព្រមទាំងបុត្រ និងលោក ហាច ខេមរា និងភរិយា ។

គួរបញ្ជាក់ថា ចលនាយុវជនកម្ពុជា (ក្រុម១៥៧) ជានិច្ចកាលតែងតែពាំនាំនូវអំណោយសាកសួរសុខទុក្ខ និងរំលែកទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខេត្តបន្ទាយមានជ័យជាញឹកញាប់ ដោយមិនប្រកាន់ពូជសាសន៍ ពណ៌សម្បុរ ឬនិន្នាកាrនយោបាយអ្វីឡើយ ៕