អាជ្ញាធររាជធានីភ្នំពេញ ចុះពិនិត្យមើលម៉ូតូជាង១០០០គ្រឿង ក្រោយដករហូតពីកុងស៊ីបញ្ចាំនៅ ឃ្លាំងរំសេវ, អាជ្ញាធរនៅតែអំពាវនាវឲ្យប្រជាពលរដ្ឋមកមើលម៉ូតូ ដែលធ្លាប់បាត់ក​ន្លងទៅ


 (ភ្នំពេញ)៖ ឯកឧត្តម ឃ្លាំង ហួត អភិបាលរងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៣ បានដឹកនាំមន្ត្រីជំនាញ សហការជាមួយនិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ចុះធ្វើការត្រួតពិនិត្យ មើលម៉ូតូ ដែលបានដកហូតពីឃ្លាំងបញ្ចាំ និងបែងចែកម៉ូតូណាស្របច្បាប់ ឬក៏មិនសមស្របតាម ច្បាប់ជូនម្ចាស់ម៉ូតូវិញ។

ឯកឧត្តម ឃ្លាំង ហួត បានថ្លែងថា «យើងធ្វើការចុះត្រួតពិនិត្យមើលម៉ូតូទាំងអស់ដែលបានឃាត់ ទុកជាង ១០០០គ្រឿង ដែលបានដកហូតពីឃ្លាំងបញ្ចាំខុសច្បាប់នៅក្នុងសង្កាត់ទឹកល្អក់ទី៣ ខណ្ឌ ទួលគោក ដែលយកមកដាក់នៅឃ្លាំង OCIC ដើម្បីបែងចែកថា ម៉ូតូណាសមស្របតាមច្បាប់ ឬមិន សមស្របតាមច្បាប់។ យើងនឹងរកនីតិវិធីដោះស្រាយ បញ្ចប់រឿងនេះមួយសិន ដើម្បីយើងបន្តការងារ នេះបន្តទៀត»

ឯកឧត្តម បន្តថា លោកបានទទួលព័ត៌មានពីប្រជាពលរដ្ឋរាយការណ៍មកថា នៅពេលនេះ ចាប់ផ្ដើម ក្រោកក្រើកឡើងវិញហើយនូវបញ្ហាកន្លែងទទួលបញ្ចាំម៉ូតូដោយគ្មានឯកសារត្រឹមត្រូវ ដែលធ្វើឲ្យ កើតមានបទល្មើស លួច ឆក់ ប្លន់ ដោយជនសង្ស័យ​ ក្រោយធ្វើសកម្មភាពទាំងអស់នេះរួច ពួកគេ បានយកទៅបញ្ចាំនៅឃ្លាំងរំសេវនេះតែម្តង។

ឯកឧត្តម ឃ្លាំង ហួត បន្តថា «នៅពេលនេះ មានការចូលរួមសហការជាមួយនិយ័តករអាជីវកម្ម អចលនវត្ថុ និងបញ្ចាំ ដើម្បីត្រួតពិនិត្យមើលថា តើម៉ូតូណាមួយសមស្របតាមច្បាប់ ឬក៏មិនសមស្រប តាមផ្លូវច្បាប់ ដើម្បីដោះស្រាយបញ្ចប់ រឿងទាំងនេះអស់ ហើយចាប់ផ្តើមបន្តការចុះពិនិត្យមើលឃ្លាំង បញ្ចាំខុសច្បាប់បន្តទៀត»។ ជាមួយគ្នានេះដែរ លោកបានផ្ដាំផ្ញើដល់អ្នករកស៊ីអាជីវកម្មបញ្ចាំទាំង អស់ «កុំធ្វើការកេងប្រវ័ញ្ច ញើសឈាមប្រជាជនក្រីក្រចឹង បើដឹងថាច្បាប់ហើយ»

បើតាមអភិបាលរងរាជធានីភ្នំពេញ, ចំពោះម៉ូតូណាដែលមានច្បាប់ ឬមិនមានច្បាប់ អាជ្ញាធរនឹងធ្វើ ការញែកច្រើនករណីណាស់ ដោយក្នុងនោះ យើងបានប្រគល់ជូននិយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ ដោយឲ្យម្ចាស់ទីតាំងឃ្លាំង បញ្ចាំទាំងអស់យកឯកសារពាក់ព័ន្ធមកជាមួយ ក្នុងករណីម៉ូតូ ទាំងនោះមិនមានឯកសារត្រឹមត្រូវ និងបន្តធ្វើនីតិវិធីមួយទៀត។

ឯកឧត្តម បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋដែលបានបាត់ម៉ូតូ សូមអញ្ជើញមកពិនិត្យមើល ម៉ូតូរបស់ខ្លួននៅឃ្លាំងស្តុបទុកម៉ូតូ OCIC ជ្រោយចង្វារ ដែលស្ថិតនៅសង្កាត់ជ្រោយចង្វារ ខណ្ឌ ជ្រោយចង្វារ ដោយត្រូវកាន់ឯកសារពាក់ព័ន្ធ មកជាមួយដូចជា៖ ពាក្យបណ្ដឹង, កាតគ្រីម៉ូតូ និងអត្ត សញ្ញាណប័ណ្ណ ចំពោះទីតាំងខាងលើនេះ អាជ្ញាធរបានបើកទ្វាររង់ចាំបងប្អូនប្រជាពលរដ្ឋមកពិនិត្យ មើលម៉ូតូផងដែរ។

ឯកឧត្តម បានគូសបញ្ជាក់ថា ចំពោះយុទ្ធនាការចុះបង្ក្រាបនៅទីតាំងឃ្លាំងបញ្ចាំខុសច្បាប់ទាំង អស់នៅក្នុងរាជធានីភ្នំពេញ អាជ្ញាធរនៅតែបន្តអនុវត្ត ដោយមិនមានការលើកលែងនោះឡើយ។ ដោយទន្ទឹមនឹងនោះលោក ក៏បានទទួលសំណូមពរពីប្រជាពលរដ្ឋផងដែរថា រាល់ថ្ងៃនេះ គេសង្កេត ឃើញថា មានការលួចគាស់កាត់កញ្ចក់រថយន្ត ដែលកញ្ចក់រថយន្តទាំងនោះសុទ្ធតែមានតម្លៃថ្លៃៗ។

ឯកឧត្តម ថា ទីតាំងដែលទទួលទិញកញ្ចក់រថយន្តទាំងនោះនៅម្តុំកាល់ម៉ែត្រ។ ចំពោះទីតាំងខាង លើនេះ លោកនឹងធ្វើការចុះត្រួតពិនិត្យផងដែរឲ្យតែទទួលទិញរបស់ចោរនឹងទទួលទោស ហើយ​អាជ្ញាធរនឹងធ្វើការបង្ក្រាបឲ្យខានតែបាន៕