រដ្ឋបាលខេត្តកោះកុង ចេញសេចក្តីណែនាំ ស្ដីពីវិធានការថែរក្សា អនាម័យបរិស្ថានសន្តិសុខ សុខ សុវត្ថិភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណី ជាតិ នៅទូទាំងខេត្តកោះកុង


កោះកុង÷ ដើម្បីរក្សាបាននូវសន្តិសុខ សុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈក្នុងឱកាសពិធីបុណ្យ ចូលឆ្នាំប្រពៃណីជាតិខ្មែរ នៅព្រឹកថ្ងៃទី ២៨ ខែមីនា ឆ្នាំ ២០២៣ នេះ លោកជំទាវ មិថុនា ភូថង អភិបាល នៃគណៈអភិបាលខេត្តកោះកុង ចេញសេចក្តីណែនាំ ស្ដីពីវិធានការរក្សាអនាម័យបរិស្ថាន សន្តិសុខ សុខសុវត្ថិ ភាព សណ្តាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ នៅក្នុងឱកាសបុណ្យចូល ឆ្នាំថ្មីប្រពៃណីជាតិ នៅទូទាំងខេត្តកោះកុង ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ គ.ស.២០២៣ ចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែមេសា ឆ្នាំ ២០២៣ ខាងមុខនេះ។

រដ្ឋបាលខេត្តកោះកុង សូមណែនាំដល់ស្នងការនគរបាលខេត្ត មេបញ្ជាការកង រាជអាវុធហត្ថខេត្ត មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង អភិបាល នៃគណៈអភិបាល ក្រុង ស្រុក ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត និងមេឃុំ ចៅសង្កាត់ទាំងអស់ឲ្យបានជ្រាបថា ដើម្បីរក្សាបាននូវសន្តិសុខ សុខ សុវត្ថិភាព សណ្ដាប់ធ្នាប់និងរបៀបរៀបរយសាធារណៈ ក្នុងខេត្ត កោះកុង ក៏ដូចជារក្សាបាននូវប្រពៃ ណីជាតិ និងសេចក្តីថ្លៃថ្នូរ ដ៏ផូរផង់របស់ជាតិយើង រដ្ឋបាលខេត្តកោះកុង សូមដាក់ ចេញនៅវិធាន ការ និងធ្វើការណែនាំដូចខាងក្រោម÷

  ១- ត្រូវធ្វើអនាម័យបោសសំអាតសម្រាម គ្រប់ប្រភេទ កាត់ស្មៅ ពង្រាបដីឲ្យស្មើ ចាក់ដី ចាក់ផេះ លុប បំបាត់ភក់ជ្រាំ និងលប់បំបាត់ស្បោងផ្លាស្ទីកនៅតាមចិញ្ចើមថ្នល់ ទីកន្លែងធ្វើការ គេហដ្ឋានទី ប្រជុំជន និងទីសាធារណៈ។

   ២- ត្រូវរៀបចំលាបថ្នាំ តុបតែងបំភ្លឺភ្លើងពណ៌ លើកទង់ជាតិនៅតាមបញ្ជាការដ្ឋានតំបន់ប្រតិ ការសុខរងកោះកុង ស្នងការរដ្ឋាននគរបាលខេត្ត មេបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត សាលា ក្រុងស្រុក ឃុំ សង្កាត់ មន្ទីរអង្គភាព សណ្ឋាគារផ្ទះសំណាក់ រោងចក្រសហគ្រាស បណ្ដាក្រុមហ៊ុន ធនាគារឯកជន គ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុ សាលារៀន និងគេហដ្ឋាន។

 ចំពោះអាគារ ដី ដែលមិនមានដំណើរការអាជីវកម្ម ស្នើររដ្ឋបាលក្រុង ស្រុក ធ្វើការណែនាំដល់ ម្ចាស់ដើម្បីសំអាត អនាម័យបរិស្ថានឲ្យបានស្អាត។

   ៣- ត្រូវគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងមិនត្រូវបើកបរក្នុងស្ថានភាពស្រវឹងដើម្បីជៀសវាង គ្រោះថ្នាក់ផ្សេងៗ។

   ៤- ចូលរួមទប់ស្កាត់គ្រោះអគ្គីភ័យ ដោយប្រុងប្រយ័ត្ន និងម្ចាស់ការខ្ពស់ចំពោះភ្លើងទាន ធូប ភ្លើងចង្ក្រាន ចរន្តអគ្គិសនី ដើម្បីរក្សាបាននូវទ្រព្យសម្បត្តិអាយុជីវិតផ្ទាល់ខ្លួន និងអ្នកដទៃ។

    ៥- ចូលរួមលេងល្បែងប្រជាប្រិយគ្រប់ប្រភេទ និងជៀសវាងដាច់ខាតការលេងបាញ់ទឹក ជះទឹក គប់ស្បោងទឹក លាបធ្យូង ប៉ាតម្សៅ ទះគក់ដោយដៃ ឬសវាយដោយរំពាត់ដល់អ្នកដំណើរ ឬជិះម៉ូតូបង្ហោះប្រដេញគ្នានៅតាមដងផ្លូវសាធារណៈ ដែលអាចនាំឲ្យមានគ្រោះថ្នាក់ជាយថាហេតុ ប៉ះពាល់ដល់ អាយុជីវិតផ្ទាល់ខ្លួន និងអ្នកដំណើរព្រមទាំងហាមដាច់ខាតការលេងល្បែងស៊ីសង អុជផាវ និងគ្រឿងផ្ទុះគ្រប់ប្រភេទដើម្បីរក្សាបាននូវភាពថ្លៃថ្នូរ ស័ក្តិសមជាកុលបុត្រកុលធីតាខ្មែរ ។

   ៦- ត្រូវយកចិត្តទុកដាក់ក្នុងការថែរក្សាសុខភាព អនាម័យ និងត្រូវអនុវត្តតាមវិធានការណែនាំ របស់ក្រសួងសុខាភិបាល ក្នុងការបង្ការការឆ្លងរាលដាលនៃជម្ងឺកូវីដ-១៩ ។

    ៧- ករណីរឹងរូសមិនអនុវត្តតាមសេចក្តីណែនាំនេះ អ្នកប្រព្រឹត្តត្រូវផ្ដន្ទាទោសតាមគោលការណ៍ ច្បាប់ជាធរមាន។

ទទួលបានសេចក្តីណែនាំនេះ សូមស្នងការនគរបាលខេត្ត មេបញ្ជាការកងរាជអាវុធហត្ថខេត្ត មេ បញ្ជាការតំបន់ប្រតិបត្តិការសឹករងកោះកុង អភិបាលនៃគណៈអភិបាល ក្រុង ស្រុក ប្រធានមន្ទីរអង្គ ភាពជុំវិញខេត្ត និងមេឃុំ ចៅសង្កាត់ត្រូវយកចិត្តទុកដាក់ផ្សព្វផ្សាយឲ្យបានទូលំទូលាយដល់មន្ត្រី រាជការ នៅក្នុងមន្ទីរអង្គភាពរបស់ខ្លួន និងប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ដើម្បីរួមគ្នាអនុវត្តតាម ខ្លឹមសារនៃសេចក្តីណែនាំនេះ ឲ្យទទួលបានលទ្ធផលល្អ៕