(ភ្នំពេញ)៖ តបតាមការអញ្ជើញរបស់ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិ បត្តិការអាហ្វ្រិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក, ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការ បរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញទៅបំពេញទស្សន កិច្ចផ្លូវការ នៅព្រះរាជាណាចក្រម៉ារ៉ុក នៅថ្ងៃទី ២៧ និង២៨ ខែមីនា ឆ្នាំ២០២៣។
យោងតាមសេចក្តីប្រកាសព័ត៌មានរួម ដែលទទួលបាន បញ្ជាក់ថា ក្នុងឱកាសទស្សនកិច្ចនេះ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានចូលជួបសម្តែងការគួរសមជាមួយលោក Rachid TALBI ALAMI ប្រធានសភាម៉ារ៉ុក ផងដែរ។
ក្នុងឱកាសជំនួបទ្វេភាគី នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣ នៅទីស្តីការក្រសួងការបរទេស សហ ប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក នៅទីក្រុងរ៉ាបា រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានផ្លាស់ ប្តូរមតិយោបល់គ្នាប្រកបដោយផ្លែផ្កា និងបានសម្តែងនូវទំនុកចិត្តថា ដំណើរទស្សនកិច្ចនេះ នឹងផ្តល់ ជាកម្លាំងជម្រុញថ្មីដល់កិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ តាមរយៈការស្វែងរកនូវ កិច្ចសហ ប្រតិបត្តិការ និងការដាក់ចេញនូវគំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត។
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានកោតសរសើរចំពោះព្រះរាជកិច្ចដឹកនាំរបស់ព្រះមហាក្សត្រ Mohammed VI និងបានសម្តែងការកោតសរសើរចំពោះការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់ ប្រទេសម៉ារ៉ុក ក៏ដូចជាគោលនយោបាយដ៏ឈ្លាសវៃរបស់ព្រះមហាក្សត្រ ដែលព្រះអង្គមានគោល បំណងធានានូវភាពរីកចម្រើន រុងរឿង និងស្ថិរភាពនៃព្រះរាជាណាចក្រ និងប្រជាជនម៉ារ៉ុក។
ដូចគ្នានេះដែរ លោក Nasser BOURITA បានលើកឡើងពីវឌ្ឍនភាពដ៏គួរឱ្យកត់សម្គាល់ ដែល កើតមានក្នុងប្រទេសកម្ពុជា ក្រោមព្រះរាជកិច្ចដឹកនាំដ៏ខ្ពង់ខ្ពស់បំផុតរបស់ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី និងបានកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា ក្រោម ការដឹកនាំដ៏ឈ្លាសវៃរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា ដែលបានបំពេញតួនាទីយ៉ាងសំខាន់អស់ជាច្រើន ទសវត្សរ៍ក្នុងការធានា សន្តិភាព ស្ថិរភាព និងការអភិវឌ្ឍជាបន្តបន្ទាប់ នៃព្រះរាជាណាចក្រកម្ពុជា។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរចំពោះទំនាក់ទំនងដ៏ល្អប្រសើរ ដែលបានចងភ្ជាប់ ព្រះរាជាណាចក្រទាំងពីរ ឈានដល់កម្រិតខ្ពស់បំផុត ដែលត្រូវបានកត់សម្គាល់ឡើងតាមរយៈ ចំណងមិត្តភាព ការគោរពគ្នាទៅវិញទៅមក ការពិគ្រោះយោបល់ជាបន្តបន្ទាប់ និងការសម្រប សម្រួលលើបញ្ហាផ្សេងៗ ដើម្បីបម្រើផលប្រយោជន៍ ទៅវិញទៅមក។
ក្នុងន័យនេះ ភាគីទាំងពីរបានសម្ដែងនូវការពេញចិត្តចំពោះការរៀបចំឱ្យមានជំនួបតាមប្រព័ន្ធ វីដេអូ កម្រិតថ្នាក់រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ កាលពីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ និងកិច្ចប្រជុំ ពិគ្រោះយោ បល់នយោបាយលើកទី៣រវាងម៉ារ៉ុក-កម្ពុជា ថ្នាក់អគ្គនាយក កាលពីថ្ងៃទី១៨ ខែ ឧសភា ឆ្នាំ២០២២ និងបានសម្តែងការចាប់អារម្មណ៍ក្នុងការជំរុញកិច្ចសន្ទនានយោបាយការទូត ទ្វេភាគី។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរ បានគូសបញ្ជាក់អំពីតម្រូវការសម្រាប់ការអភិវឌ្ឍផ្នែកពាណិជ្ជកម្ម និង វិនិយោគរវាងប្រទេសទាំងពីរ និងបានលើកឡើងពីសក្តានុពលនៃការបង្កើតកិច្ចសហប្រតិបត្តការ សេដ្ឋកិច្ច ដោយឈរលើទីតាំងរៀងៗខ្លួននៅក្នុងតំបន់អាហ្វ្រិកខាងជើង និងអាស៊ីអាគ្នេយ៍។
ក្នុងន័យនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានលើកទឹកចិត្តដល់សហគមន៍ធុរកិច្ចនៃប្រទេសទាំងពីរ ក្នុងការបង្កើនសកម្មភាពពាណិជ្ជកម្ម និងវិនិយោគឲ្យកាន់តែខ្លាំង។
ក្នុងទិសដៅនេះ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានបង្ហាញនូវឆន្ទៈក្នុងការរៀបចំវេទិកាធុរកិច្ចដ៏សំខាន់ មួយនៅប្រទេសម៉ារ៉ុក ឬ នៅកម្ពុជា នាពេលអនាគត។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរក៏បានលើកឡើងអំពីទស្សនៈរួមគ្នារវាងម៉ារ៉ុក និងកម្ពុជាលើបញ្ហាតំបន់ និងអន្តរជាតិមួយចំនួន ព្រមទាំងបានបន្តការប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការលើកកម្ពស់ពហុភាគី និយម និងរួមចំណែកក្នុងរបៀបវារៈពិភពលោកសម្រាប់សន្តិភាព សន្តិសុខ និងការអភិវឌ្ឍ។
លោក Nasser BOURITA បានកោតសរសើរចំពោះជោគជ័យនៃការធ្វើជាប្រធានអាស៊ាន របស់ កម្ពុជា នៅឆ្នាំ២០២២ និងភាពលេចធ្លោនូវលទ្ធផលនៃកិច្ចប្រជុំកំពូល និងកិច្ចប្រជុំពាក់ព័ន្ធ នានា ដែលបានធ្វើឡើងនៅកម្ពុជាក្នុងរយៈពេលពេញមួយឆ្នាំមុននេះ។
ចំពោះសំណើរបស់ម៉ារ៉ុកសុំចូលជាដៃគូសន្ទនាតាមវិស័យជាមួយអាស៊ាន ឯកឧត្តម ឧបនាយករដ្ឋ មន្រ្តី ប្រាក់ សុខុន បានបញ្ជាក់សាជាថ្មី ដល់សមភាគីម៉ារ៉ុកអំពីការគាំទ្រយ៉ាងពេញទំហឹងរបស់កម្ពុជា សម្រាប់ការវាយតម្លៃឡើងវិញដោយ លេខាធិការដ្ឋានអាស៊ានលើសំណើម៉ារុក ដោយគោរពតាម ដំណើរការនីតិវិធី និងកុងសង់ស៊ីសអាស៊ាន។
ចំពោះបញ្ហានៅតំបន់សាហារ៉ា ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ថា កម្ពុជា សូមគាំទ្រយ៉ាងពេញទំហឹង ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់អគ្គលេខាធិការអង្គការសហប្រជាជាតិ និងប្រេសិតផ្ទាល់របស់លោកអគ្គលេខាធិការសម្រាប់សាហារ៉ា ដោយអនុលោមតាមវិធានការណ៍ ដែលបានកំណត់ដោយសេចក្ដី សម្រេចចិត្តរបស់ក្រុមប្រឹក្សាសន្តិសុខនានា ពាក់ព័ន្ធនឹងបញ្ហានេះ និងកោតសរសើរកិច្ចខំប្រឹងប្រែងដ៏ម៉ុះមុត ជាក់ស្តែង និងគួរឲ្យជឿជាក់របស់ប្រទេសម៉ារ៉ុក។ ក្នុងន័យនេះ កម្ពុជាគាំទ្រយ៉ាងពេញទំហឹងចំពោះអធិបតេយ្យភាព និងបូរណភាពទឹកដី នៃព្រះរាជា ណាចក្រម៉ារ៉ុក និងគោរពកិច្ចខំប្រឹងប្រែងរបស់ម៉ារ៉ុក ដើម្បីឈានទៅដល់ការចរចានយោបាយ ចំពោះជម្លោះក្នុងតំបន់នេះ។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានស្វាគមន៍ចំពោះការបោះឆ្នោត និងការគាំទ្រគ្នាទៅវិញទៅមក នៅក្នុង ក្របខណ្ឌអង្គការអន្តរជាតិ។
ក្នុងន័យនេះ លោក Nasser BOURITA បានរំលឹកជាថ្មីម្តងទៀតនូវការគាំទ្ររបស់ប្រទេសម៉ារ៉ុក ចំពោះបេក្ខភាពនៃព្រះរាជាណាចក្រកម្ពុជា ជាសមាជិកសង្កេតការណ៍នៃអង្គការសហប្រតិបត្តិការ ឥស្លាម (OIC)។
ដូចគ្នានេះដែរចំពោះទំនាក់ទំនងមិត្តភាពដែលផ្សារភ្ជាប់ព្រះរាជាណាចក្រទាំងពីរ ក៏ដូចជា ការដឹកនាំ របស់ប្រទេសម៉ារ៉ុក ក្នុងការចូលរួមថែរក្សាសន្តិសុខអន្តរជាតិ ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បាន សម្តែងនូវការគាំទ្ររបស់ព្រះរាជាណាចក្រកម្ពុជា ចំពោះបេក្ខភាពរបស់ប្រទេស ម៉ារ៉ុកជាសមាជិក មិនអចិន្ត្រៃយ៍ នៃក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ សម្រាប់អាណត្តិ ឆ្នាំ២០២៨-២០២៩។
ចំពោះការទូតសភាវិញ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានកោតសរសើរនូវការផ្លាស់ប្តូរទស្សនកិច្ច រវាង សភាម៉ារ៉ុក និងរដ្ឋសភាកម្ពុជា ទាំងក្នុងកម្រិតទ្វេភាគី ទាំងក្នុងកម្រិតតំបន់ ពិសេស ក្នុងក្របខណ្ឌ អន្តរសភាអាស៊ាន (AIPA) និងក្នុងកម្រិតពហុភាគីផងដែរ។ រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានទទួលស្គាល់ផងដែរនូវកិច្ចសហប្រតិបត្តិការជាវិជ្ជមាននៃសភាទាំងពីរ ហើយបានអះអាងសាជាថ្មីនូវការប្តេជ្ញាចិត្តក្នុងការប្រកាន់ខ្ជាប់នូវពហុភាគីនិយមដោយផ្អែកលើច្បាប់អន្តរជាតិ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្នា ក្នុងការបង្កើនបណ្តាញក្រុមសភានៃចលនាមិនចូល បក្សសម្ព័ន្ធ (NAM-PN) ដើម្បីការពារ ថែរក្សា និងលើកកម្ពស់សន្តិភាព និងការអភិវឌ្ឍប្រកប ដោយចីរភាព។ រដ្ឋមន្រ្តីទាំងពីរ ក៏បានពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌអន្តរ សភាពអាស៊ាន AIPA ដែលម៉ារ៉ុកជាសមាជិកសង្កេតការណ៍។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានផ្លាស់ប្តូរយោបល់គ្នា រិះរកគ្រប់វិធី និងមធ្យោបាយ ដើម្បីអភិវឌ្ឍនូវ ទំនាក់ទំនងរវាងប្រជាជន និងប្រជាជន តាមរយៈការផ្តល់នូវអាហារូបករណ៍ ការផ្លាស់ប្តូរការ សិក្សា ស្រាវជ្រាវ ការរៀបចំព្រឹត្តិការណ៍វប្បធម៌។ល។
នៅចុងបញ្ចប់នៃជំនួប រដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានឯកភាពគ្នា នូវផែនទីបង្ហាញផ្លូវមួយនា ពេលដ៏ ខ្លីខាងមុខ ដើម្បីពង្រឹងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែស៊ីជម្រៅ ក្នុងគោលបំណងបង្កើតនូវ ភាពជាដៃ គូគ្រប់ជ្រុងជ្រោយ។
រដ្ឋមន្ត្រីនៃប្រទេសទាំងពីរស្វាគមន៍ការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការដឹកជញ្ជូនតាមផ្លូវអាកាសរវាងរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃព្រះរាជាណាចក្រម៉ារ៉ុក និងបាន បង្ហាញពីទំនុកចិត្តថា កិច្ចព្រមព្រៀងនេះនឹងជួយរួមចំណែកដល់ការលើកកម្ពស់វិស័យ ទេសចរណ៍ ធុរកិច្ច និងការតភ្ជាប់រវាងប្រជាជននិងប្រជាជននៃប្រទេសទាំងពីរ។
ក្នុងស្មារតីដូចគ្នា រដ្ឋមន្ត្រីទាំងពីរបានឯកភាពធ្វើការពន្លឿនការចរចារបញ្ចប់ និងឈានទៅរក ចុះការ ហត្ថលេខា លើកិច្ចព្រមព្រៀង ដែលមិនទាន់សម្រេចចំនួន ០៣ ផ្សេងទៀត រួមមាន៖
*កិច្ចព្រមព្រៀងស្តីពីការជម្រុញ និងការការពារវិនិយោគទៅវិញទៅមករវាងម៉ារ៉ុក និងកម្ពុជា
*កិច្ចព្រមព្រៀង ស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នាពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និង ការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ រវាងម៉ារ៉ុក និងកម្ពុជា
*កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការវប្បធម៌ បច្ចេកទេស វិទ្យាសាស្ត្រ និងសេដ្ឋកិច្ច។
ឯកសារទាំងបីនេះ នឹងផ្តល់សន្ទុះថ្មីដល់សេដ្ឋកិច្ច ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី និងជាមូលដ្ឋានរឹងមាំសម្រាប់ការជំរុញសកម្មភាពពាណិជ្ជកម្ម និងការវិនិយោគ ដែល ឆ្លុះបញ្ចាំងពីទំ នាក់ទំនងដ៏ល្អប្រសើរដែលភ្ជាប់ប្រទេសទាំងពីរទាំងកម្រិតនយោបាយ និងការទូត។
លើសពីនេះទៅទៀត និងដោយផ្អែកលើគោលដៅ និងគោលបំណងរួមសម្រាប់ការ លើកកម្ពស់ ទំនាក់ទំនងទ្វេភាគី និងកិច្ចការផ្សេងទៀត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រី នៃកម្ពុជា នឹងអញ្ជើញទៅបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសម៉ារ៉ុក តបតាមការ អញ្ជើញរបស់ លោក Aziz AKHANNOUCH ប្រមុខរាជរដ្ឋាភិបាលម៉ារ៉ុក។
លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានស្នើអញ្ជើញ លោក Nasser BOURITA រដ្ឋមន្ត្រីការបរទេស សហប្រតិបត្តិការអាហ្រ្វិក និងជនអន្តោប្រវេសន៍ម៉ារ៉ុក មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលខាងមុខ។ លោក Nasser BOURITA បានទទួលយកនូវការអញ្ជើញនេះដោយក្តីសោមនស្សរីករាយ៕