នាយករដ្ឋមន្រ្តីអ៉ីស្រាអែល លោក ណេតាន់យ៉ាហ៊ូ ពន្យារពេលផែនការរុះរើប្រព័ន្ធតុលាការ បន្ទាប់ពីមានបាតុកម្មតវ៉ាយ៉ាងខ្លាំងក្លា

(ហ្សេរ៊ុយសាឡិម)៖  យោងតាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ២០២៣ គឺ នាយករដ្ឋមន្ត្រីអ៉ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានប្រកាសថា ផែនការដ៏ចម្រូងចម្រាសមួយក្នុងការផ្លាស់ប្តូរប្រព័ន្ធ តុលាការនឹងត្រូវពន្យារពេល បន្ទាប់ពីមានការតវ៉ាអស់រយៈពេលជាច្រើនខែ ការកើនឡើងនៃការ ធ្វើកូដកម្ម និងការរិះគន់ពីក្នុងរដ្ឋាភិបាលរបស់លោក។

លោក ណេតាន់យ៉ាហ៊ូ និយាយថាលោកប្ដេជ្ញាអនុម័តកំណែទម្រង់ប្រព័ន្ធតុលាការ ប៉ុន្តែចង់បាន ការយល់ព្រមយ៉ាងទូលំទូលាយ។ ហើយការពន្យារពេលមានន័យថា សេចក្តីព្រាងច្បាប់នេះនឹង មិនត្រូវបានដាក់ឲ្យបោះឆ្នោតក្នុងសភា រហូតដល់ដំណាច់ខែមេសា។ ថ្លែងសុន្ទរកថាតាមទូរទស្សន៍ជាតិ កាលពីថ្ងៃចន្ទសប្តាហ៍នេះ លោក ណេតាន់យ៉ាហ៊ូ បានគូស បញ្ជាក់ថា «នៅពេលដែលមានឱកាសដើម្បីបញ្ចៀសសង្គ្រាមស៊ីវិលតាមរយៈការសន្ទនា ក្នុងនាម ជានាយករដ្ឋមន្ត្រី ខ្ញុំកំពុងឆ្លៀតពេលសម្រាប់រៀបចំកិច្ចសន្ទនាគ្នា» ។

គួរបញ្ជាក់ថាផែនការរបស់រដ្ឋាភិបាលក្នុងការរឹតបន្តឹងការគ្រប់គ្រងរបស់សភាលើដំណើរការតុលាការបាន បង្កឲ្យមានការតវ៉ាដ៏ធំបំផុតមួយនៅក្នុងប្រវត្តិសាស្ត្រអ៉ីស្រាអែល ដោយក្រុមប្រឆាំងហៅផែន ការនេះថាជាការគំរាមកំហែងដល់លទ្ធិប្រជាធិបតេយ្យ។ ភាពវឹកវរបាននាំទៅដល់ការបិទដំណើរការជាច្រើនក្នុងប្រទេស និងបង្អាក់ផ្នែកសេដ្ឋកិច្ច។ ជើងហោះហើរនៃអាកាសយានដ្ឋានអន្តរជាតិ Ben Gurion ត្រូវបានផ្អាក ខណៈការងារនៅកំពង់ ផែសមុទ្រសំខាន់ៗក៏ត្រូវបញ្ឈប់សកម្មភាពផងដែរ៕