រុស្ស៉ីព្រមានអាមេនីពី «ផលវិបាកធ្ងន់ធ្ងរ» ប្រឆាំងនឹងការក្លាយជាសមាជិកតុលាការ ICC


(មូស្គូ)៖  តាមការដកស្រង់ផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RIA នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣ បានអោយដឹងថា រុស្ស៊ីបានព្រមានប្រទេសអាមេនីអំពី «ផលវិបាកធ្ងន់ធ្ងរ» ប្រសិនបើខ្លួន នៅតែចង់ក្លាយជាសមាជិកនៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICC) ដែលទើបនឹងបានចេញដីកាចាប់ ខ្លួនលោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន។

អាមេនី ដែលជាសម្ព័ន្ធមិត្តប្រវត្តិសាស្រ្តរបស់រុស្ស៉ី ហើយចំណងមិត្តភាពកាន់តែធ្លាក់ចុះធ្ងន់ធ្ងរ ចាប់ តាំងពីលោក ពូទីន បញ្ជាឲ្យមានការឈ្លានពានអ៊ុយក្រែននោះ កំពុងឆ្ពោះទៅរកការក្លាយជារដ្ឋភាគី នៃលក្ខន្តិកៈទីក្រុងរ៉ូម ដែលជាវិធានការក្រោមយុត្តាធិការរបស់ ICC។ ផ្អែកលើប្រភពមួយពីក្រសួងការបរទេសរុស្ស៊ី RIA ដែលជាទីភ្នាក់ងារសារព័ត៌មានរដ្ឋបានរាយ ការណ៍ថា ទីក្រុងមូស្គូចាត់ទុកផែនការរបស់អាមេនី ស្តីពី ICC «ជារឿងមិនអាចទទួលយកបាន»

រុស្ស៊ីបានព្រមានអំពី «ផលវិបាកអវិជ្ជមានយ៉ាងខ្លាំង» សម្រាប់ទំនាក់ទំនងទ្វេភាគី ប្រសិនបើទីក្រុង យ៉េរ៉េវ៉ាន់ បន្តផែនការដែលនឹងត្រូវផ្តល់សច្ចាប័នដោយសភាអាមេនីបន្ទាប់ពីតុលាការធម្មនុញ្ញអនុម័ត ដើម្បីក្លាយជាសមាជិករបស់ ICC។ យ៉ាងនេះក្តី ប្រទេសអាមេនី មិនទាន់មានការឆ្លើយតបទេ ជុំវិញព័ត៌មាននេះ៕