(មូស្គូ)៖ តាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃអង្គារ ទី២៨ ខែមីនា ឆ្នាំ ២០២៣បញ្ជាក់ថា សម្ព័ន្ធមិត្តម្នាក់របស់លោកប្រធានាធិបតី វ្ល៉ាឌីមៀ ពូទីន បានព្រមានថារុស្ស៉ីមាន អាវុធនុយក្លេអ៊ែរដែលអាចកម្ទេចសត្រូវទាំងអស់ ក្នុងនោះរួមមានសហរដ្ឋអាមេរិក ប្រសិនបើអត្ថិ ភាពរបស់ ខ្លួនរងការគំរាមកំហែង ដោយចោទប្រកាន់ថាទីក្រុងវ៉ាស៊ីនតោន មើលស្រាលសមត្ថភាព នុយក្លេអ៊ែររបស់ទីក្រុងមូស្គូ។ ការសម្លុតគំរាមខាងលើធ្វើឡើងដោយលោក នីកូឡៃ ផាទ្រូសេវ (Nikolai Patrushev) ជាអគ្គលេខាធិការក្រុមប្រឹក្សាសន្តិសុខជាតិរុស្ស៉ី និងជាការគំរាមចុងក្រោយ បំផុតចេញពីមាត់មន្ត្រីជាន់ខ្ពស់រុស្ស៉ី ជុំវិញហានិភ័យនៃការប៉ះទង្គិចនុយក្លេអ៊ែររវាងមហាអំណាច ទាំង២។ លោក Patrushev បានគូសបញ្ជាក់ដូច្នេះថា «ក្រុមអ្នកនយោបាយអាមេរិកកំពុងតែយល់ ច្រឡំថានៅក្នុងករណីមានជម្លោះ ដោយផ្ទាល់ជាមួយរុស្ស៉ី សហរដ្ឋអាមេរិកមានសមត្ថភាពវាយ ប្រហារបង្ការទប់ស្កាត់ ហើយបន្ទាប់មក រុស្ស៉ីមិនមានសមត្ថភាពឆ្លើយតបទៀតនោះទេ»។ លោកបន្ថែមទៀតថានេះជាគំនិតខ្លី ហើយ រុស្ស៉ីមានការអត់ធ្មត់ និងមិនបានគំរាមកំហែងនរណា ម្នាក់នោះទេ ប៉ុន្តែរុស្ស៉ីមានអាវុធនុយក្លេអ៊ែរទំនើបគ្មាន២ ដែលមានសមត្ថភាពកម្ទេចសត្រូវទាំងអស់ ក្នុងនោះរួមមានទាំងសហរដ្ឋអាមេរិក ក្នុងករណីដែលអត្ថិភាពរបស់រុស្ស៉ីរងការគំរាមកំហែង។
គួរបញ្ជាក់ថា កាលពីថ្ងៃសៅរ៍សប្ដាហ៍មុន ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រកាស ថារុស្ស៉ីនឹងដាក់ពង្រាយមីស៊ីលនុយក្លេអ៊ែរនៅលើទឹកដីបេឡារុស ដែលមានព្រំដែនជាប់ជាមួយ អ៊ុយក្រែន និងរុស្ស៉ី ហើយជាសម្ព័ន្ធមិត្តរបស់ទីក្រុងមូស្គូ៕