ប៉េកាំង ៖ យោងតាមរបាយការណ៍របស់អាជ្ញាធរសុខាភិបាលចិនចេញផ្សាយនាថ្ងៃសុក្រនេះថា តួលេខសរុបនៃអ្នកជំងឺដែលបានជាសះស្បើយពី COVID-19 នៅទូទាំងប្រទេសចិន បានកើនឡើងដល់ ៣៦,១១៧នាក់ហើយ។ នេះបើតាមទីភ្នាក់ងារព័ត៌មានស៊ីនហួរ។
របាយការណ៍ប្រចាំថ្ងៃរបស់ គណៈកម្មការសុខាភិបាលជាតិចិនបានឲ្យដឹងទៀតថា នារយៈពេលពេញមួយថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ មនុស្សចំនួន ៣,៦២២នាក់ទៀត បានចាកចេញពីមន្ទីរពេទ្យ ក្រោយពួកគេបានជាសះស្បើយឡើងវិញ ហើយអ្វីដែលគួរឲ្យកត់សម្គាល់ តួលេខនេះគឺនៅតែបន្តខ្ពស់ជាងតួលេខនៃអ្នកឆ្លងថ្មី ដែលមានចំនួនត្រឹម ៣២៧នាក់ប៉ុណ្ណោះក្នុងថ្ងៃជាមួយគ្នា។
បើតាមរបាយការណ៍ថ្មីនៅព្រឹកថ្ងៃសុក្រនេះ ចំនួនសរុប នៃអ្នកឆ្លងជំងឺ COVID-19 នៅតាមបណ្តាខេត្តនិងតំបន់ចំនួន ៣១ នៃប្រទេសចិនបានកើនដល់ ៧៨,៨២៤ករណី ដោយក្នុងនោះចំនួនអ្នកស្លាប់បានកើនដល់ ២,៧៨៨នាក់ ប៉ុន្តែខេត្តហ៊ូប៉ី (Hubei) រ៉ាប់រងសឹងតែទាំងអស់នៃករណីទាំងនេះ៕