(ភ្នំពេញ)៖ លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី បានថ្លែង នូវការកោតសរសើរ ការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដែលធ្វើឲ្យ ប្រទេសកម្ពុជា បានបញ្ចប់នូវសង្គ្រាម និងមានភាពរីកចម្រើន។
ការថ្លែងនូវការកោតសរសើរ របស់នាយករដ្ឋមន្ត្រីម៉ាឡេស៉ី អាន់វ៉ា ធ្វើឡើងក្នុងសន្និសីទរួមគ្នា រវាង នាយករដ្ឋមន្ដ្រីកម្ពុជា-ម៉ាឡេស៊ី បង្ហាញអំពីលទ្ធផលជំនួបទ្វេភាគី នៅវិមានសន្តិភាព នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ។
នាយករដ្ឋមន្ត្រីម៉ាឡេស៉ី អាន់វ៉ា បានបញ្ជាក់យ៉ាងដូច្នេះថា «ខ្ញុំជឿជាក់ គតិបណ្ឌិតរបស់សម្ដេច ព្រោះថា សម្ដេចអាចរក្សាបានសន្ដិភាព នៅក្នុងកាលៈទេសៈដ៏ស្មុគស្មាញនៅកម្ពុជា បើសិនជាប្រៀប ធៀប នឹងស្ថានភាពមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន»។
នាយករដ្ឋមន្ត្រីម៉ាឡេស៉ី បានលើកឡើងថា ប្រទេសមួយ ដែលញ៉ាំញីដោយសង្គ្រាមស៊ីវិល ហើយ ទីបំផុត ទទួលបានសន្ដិភាពពេញលេញ ហើយលោកទន្ទឹមរង់ចាំ នូវការចូលរួមចំណែករបស់សម្ដេច នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នាពេលខាងមុខនេះ ដើម្បីផ្ដល់នូវទស្សនៈមួយចំនួន នៅក្នុងក្រប ខណ្ឌគ្រប់ជ្រុងជ្រោយ ដើម្បីដោះស្រាយបញ្ហាមីយ៉ាន់ម៉ា។
សូមជម្រាបថា លោក ដាតុ ស៊េរី អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នាយករដ្ឋមន្រ្តី នៃប្រទេសម៉ាឡេស៉ី បាន អញ្ជើញមកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៣នេះ ដើម្បីមកបំពេញទស្សនកិច្ចផ្លូវការរយៈពេល១ថ្ងៃ។
ការអញ្ជើញមកដល់របស់ លោក អាន់វ៉ា ប៊ីន អ៉ីប្រាហ៉ីម នៅព្រលានយន្តហោះ ត្រូវបានទទួលស្វា គមន៍យ៉ាងកក់ក្តៅពីមន្ត្រីកម្ពុជា ដឹកនាំដោយ លោក អូស្មាន ហាសាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុក បេសកកម្មពិសេស។
ដំណើរទស្សនកិច្ចផ្លូវការ របស់លោកនាយករដ្ឋមន្រ្តីម៉ាឡេស៉ី មកកាន់កម្ពុជានាពេលនេះ នឹងនាំមក នូវសន្ទុះថ្មី ដល់ទំនាក់ទំនងទ្វេភាគីដ៏រឹងមាំ លើគ្រប់វិស័យរវាងប្រទេសទាំងពីរ ហើយនឹងរួមចំណែក ដល់ការថែរក្សាសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជា រួមចំណែកដល់ការបន្តការអភិវឌ្ឍ និងវិបុលភាព របស់សហគមន៍អាស៊ាន និងអន្តរជាតិ ផងដែរ៕