យោធាចិនអះអាងថា បានបណ្តេញនាវាចម្បាំងអាមេរិក១គ្រឿង ដែលបំពានចូលមកសមុទ្រ ចិនខាងត្បូង


(ប៉េកាំង)៖  តាមការចេញ​ផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមីនា ឆ្នាំ២០២៣ គឺ នៅថ្ងៃព្រហស្បតិ៍នេះ យោធាចិនបានឱ្យដឹងថា ខ្លួនបានតាមដាននិងបណ្តេញនាវា ពិឃាតមួយគ្រឿង របស់សហរដ្ឋអាមេរិក ដែលបានទន្ទ្រានចូលមកក្នុងដែនទឹក នៅក្បែរទីប្រជុំ កោះប៉ារ៉ាសែល (Paracel) ក្នុងតំបន់សមុទ្រចិនខាងត្បូង។

នៅក្នុងសេចក្តីថ្លែងការណ៍ យោធាចិនបានអះអាងថា ដោយមិនមានការអនុញ្ញាតពីរដ្ឋាភិបាលចិន នាវាពិឃាតបំពាក់មីស៉ីល ឈ្មោះថា ម៉ាយៀស (Milius) របស់អាមេរិក បានធ្វើដំណើរដោយខុស ច្បាប់ចូលមកកាន់ដែនទឹករបស់ចិន ដែលបំផ្លាញដល់សុខសន្តិភាពនិង​ស្ថិរភាពនៃតំបន់ផ្លូវទឹក ដ៏មមាញឹកនេះ។

អ្នកនាំពាក្យទីបញ្ជាការដ្ឋានយោធាចិនប្រចាំភូមិភាគខាងត្បូង បានសង្កត់ធ្ងន់យ៉ាងដូច្នេះថា «កង កម្លាំងយើងនឹងរក្សាការប្រុងជើងការខ្ពស់​គ្រប់ពេលវេលា ហើយចាត់វិធានការចាំបាច់គ្រប់បែបយ៉ាង ដើម្បីការពារយ៉ាងមុះមុត នូវអធិបតេយ្យនិងសន្តិសុខក៏ដូចជាសន្តិភាពនិង​ស្ថិរភាព នៅតំបន់សមុទ្រ ចិនខាងត្បូង»

គួរបញ្ជាក់ថា ភាពតានតឹងរវាងចិននិងសហរដ្ឋអាមេរិក​ គឺបាននិងកំពុងបន្តកើនឡើងនៅអាស៉ី-ប៉ា ស៉ីហ្វិក ស្របពេលដែលទីក្រុងវ៉ាស៉ីនតោន បានខិតខំប្រឹងប្រែងពង្រឹងសម្ព័ន្ធភាពរបស់ខ្លួនក្នុងតំបន់ នេះ ដើម្បីព្យាយាមរាំងខ្ទប់ឥទ្ធិពលចិននៅសមុទ្រចិនខាងត្បូង និងនៅច្រកសមុទ្រតៃវ៉ាន់៕